កម្ពុជានិងម៉ាឡេស៊ីសន្យាពន្លឿន​កិច្ច​ព្រមព្រៀងលើការប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក តុ ស្រ៊ី ម៉ូដ ណាជីប ទុន អាប់ឌុល រ៉ាហ្សាក់ និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍គ្នា ពេល​លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច​(រូបថតពីwww.thestar.com)

រដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ីបានឯកភាពគ្នាលើការចរចាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរវាងកម្ពុជានិងម៉ាឡេស៊ី ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក តុ ស្រ៊ី ម៉ូដ ណាជីប ទុន អាប់ឌុល រ៉ាហ្សាក់ បានជួបពិភាក្សាគ្នានៅប្រទេសម៉ាឡេស៊ី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាសេដ្ឋកិច្ចស្តីពីអាស៊ាន (World Economic Forum on ASEAN” នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងសេចក្ដីប្រកាសរួមចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កានិងស៊ីជម្រៅលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ីនិងបានផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការបារម្ភរួម។ ផ្នែកមួយនៃកិច្ចពិភាក្សានោះ គឺទាក់ទងទៅនឹងការជួញដូរមនុស្ស។ ក្រសួងការបរទេសបានបញ្ជាក់ថា៖ “ភាគីទាំងពីរបានស្វាគមន៍ការចរចាលើ អនុស្សារណៈយោគយល់គ្នាស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរវាងកម្ពុជានិងម៉ាឡេស៊ីនិងប្រគល់ភារកិច្ចជូនក្រសួងកិច្ចការនារីកម្ពុជានិងក្រសួងមហាផ្ទៃម៉ាឡេស៊ីឲ្យ ពន្លឿនការចរចាដើម្បីចុះហត្ថលេខាលើអនុស្សារណៈនេះឲ្យបានឆាប់”។

សេចក្តីប្រកាសបន្តថាថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យការងារស្របតាម“អនុស្សារណៈយោគយល់គ្នាស្ដីពីការជ្រើសរើសនិងការប្រើប្រាស់ពលករ”និង“អនុស្សារណៈយោគយល់គ្នាស្ដីពីការជ្រើសរើសនិងការប្រើប្រាស់ពលករការងារផ្ទះ” ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។

ថ្មីៗនេះ ក្រសួងការបរទេសកម្ពុជាបានជូនដំណឹងជាបន្តបន្ទាប់ពីការបញ្ជូនពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ីមកប្រទេសកម្ពុជាវិញ ដោយថាពួកគេចាញ់បោកមេខ្យល់និងរងការធ្វើបាបនៅទីនោះ។

បើតាមក្រសួងការបរទេស ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនិងបានពិនិត្យឡើងវិញនូវបញ្ហាផ្សេងៗនៃទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ រួមមាននយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍និងវប្បធម៌ ។

ក្រសួងការបរទេសបានបញ្ជាក់ថាក្នុងទស្សនៈនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានពីឆ្នាំមុន ថ្នាក់ដឹកនាំបានសន្យាធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈគំនិតផ្ដួចផ្ដើមសេរីភាវូបនីយកម្មនិងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីផ្ដល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ