ព្រះសង្ឃប៊ុត ប៊ុនតិញ ដែលតែងតែចូលរួមការតវ៉ានិងសកម្មភាពសង្គមនានា បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គ ឲ្យចូលរួមអុជធូបក្នុងយុទ្ធនាការអាវខ្មៅនៅរៀងរាល់ល្ងាចថ្ងៃអាទិត្យ។
ក្នុងវីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែឧសភា ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថាការអុជធូបនឹងប្រព្រឹត្តទៅរៀងរាល់ល្ងាចថ្ងៃអាទិត្យនិងពាក់អាវខ្មៅរៀងរាល់ថ្ងៃចន្ទ។ ព្រអង្គបានបន្ថែមទៀតថាសូមឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបនិងព្រះសង្ឃគ្រប់ព្រះអង្គមេត្តាអុជធូបចូលរួមយុទ្ធនាការអាវខ្មៅដើម្បីជាការបួងសួងសុំយុត្តិធម៌និងសន្តិភាពសម្រាប់ប្រជាជាតិរដ្ឋខ្មែរ ដោយគ្រាន់ថតពេលកំពុងអុជធូប រួចបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ព្រះអង្គបញ្ជាក់ថាការចូលរួមក្នុងយុទ្ធនាការគឺដើម្បីទាមទារឲ្យមានការដោះលែងអ្នកនយោបាយនិងលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប និងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ទៀត។ ព្រះអង្គមានសង្ឃដីកាថា៖ “ហើយប្រសិនបើញាតិញ៉ូមគិតថានេះជាប្រទេសរបស់ញាតិញ៉ូម ជាសាសនារបស់ញាតិញ៉ូមគ្រាន់តែចូលរួមដុតធូបទៅតាមប្រពៃណីទំនៀមទម្លាប់ ប្រសិនបើរដ្ឋា ភិបាលចាប់យើងដោយគ្រាន់តែយើងដុតធូបនោះ វាសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលនេះមិនត្រូវការយុត្តិធម៌និងសន្តិភាពទេពីព្រោះវាគ្រាន់តែជាការចូលរួមរបស់ប្រជពលរដ្ឋគ្រាន់តែអុជធូបបន់ស្រន់សុំយុត្តិធម៌និងសន្តិភាព ហើយត្រូវបានគេចាប់ទាំងងងើលនោះ ប្រាកដជាសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលរុញច្រានស្ថានភាពឲ្យធ្លាក់ទៅរកអន្លង់ខ្មៅងងឹត“។
កន្លងទៅ ក្រសួងមហាផ្ទៃធ្លាប់ព្រមានថានឹងចាត់វិធានការលើអ្នកដែលផ្សព្វផ្សាយយុទ្ធនាការពាក់អាវខ្មៅលើបណ្តាញសង្គមទាមទារដោះលែមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប ដោយថាទង្វើនោះខុសបើពុំមានការអនុញ្ញាតពីអាជ្ញាធរ។
យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបានធ្វើឡើងបួនលើកមកហើយរហូតមកដល់ពេលនេះ។ យុទ្ធនាការនេះត្រូវបានរដ្ឋាភិបាលនិងអាជ្ញាធរចាត់ទុកថាខុសច្បាប់និងហាមឃាត់ បំបែកនិងឃាត់ខ្លួនមនុស្សដែលចេញមុខធ្វើយុទ្ធនាការជាបន្តបន្ទាប់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់ដែលប្រឈមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។
មន្រ្តីអាដហុក៤ទាំងរូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងស្នេហាដែលគេចោទថាពាក់ព័ន្ធនឹងលោក កឹម សុខានិងនាង ខុម ចាន់តារាទី ហៅស្រីមុំ៕