សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃសៅរិ៍នេះ បានអះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម បានទទួលរងការគំរាមកំហែងគ្រប់រូបភាពពីអាជ្ញាធរវៀតណាម ដែលជាការប៉ុនប៉ងបិទសិទ្ធិសេរីភាពខ្មែរកម្ពុជា មិនឲ្យនិយាយពីប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកនេះ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹងថា ពលរដ្ឋខ្មែរកម្ពុជាប្រហែល ២០០នាក់ និងព្រះសង្ឃជិត ១០០០អង្គ បានរៀបចំធ្វើពិធីរំឭកខួប ៦៧ឆ្នាំនៃការបាត់បង់ទឹកដីទៅប្រទេសវៀតណាម នៅក្នុងវត្តមួយស្ថិតនៅត្រើយខាងកើតទល់មុខព្រះបរមរាជវាំង ប៉ុន្តែ ត្រូវបានអាជ្ញាធរវៀតណាមស៊ើបអង្កេត ដោយលោកថា នេះគឺរូបភាពនៃការគំរាមកំហែង និងបំផិតបំភ័យប្រជាពលរដ្ឋខ្មែរកម្ពុជា។
ទោះជាយ៉ាងណា លោក សឺន ជុំជួន បញ្ជាក់ថា ខ្មែរកម្ពុជាក្រោមនៅតែបន្តតស៊ូមតិទៅអន្តរជាតិថា ពួកគេនៅតែនិយាយពីបញ្ហាបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយលោកថា ការបញ្ចេញមតិនេះ ធ្វើឡើងស្របតាមច្បាប់ជាតិនិងអន្តរជាតិ។
វីអូឌី(VOD) មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេ នៅថ្ងៃសៅរ៍នេះ។
ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរកម្ពុជា ដែលរស់នៅក្នុងប្រទេសកម្ពុជា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់កាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ ២០១៤កន្លងមក ទាក់ទងនឹងប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម បន្ទាប់ពីមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង អះអាងថា បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមទេ។
បន្ទាប់ពីប្រកាន់ជំហរមិនសុំទោសចំពោះការអះអាងដ៏ចម្រូងចម្រាស់នេះ លោក ត្រឹង វ៉ាន់ថុង ត្រូវបានរដ្ឋាភិបាលវៀតណាម ផ្លាស់ប្ដូរពីស្ថានទូតវៀតណាមប្រចាំកម្ពុជា កាលពីខែកញ្ញា ក្នុងឆ្នាំ២០១៤ផងដែរ។
ទឹកដីកម្ពុជា ដែលមានចំនួន ២១ខេត្ត ត្រូវបានអាណាព្យាបាលបារាំង កាត់បញ្ចូលទៅក្នុងការគ្រប់គ្រងរបស់វៀតណាម នៅក្នុងឆ្នាំ១៩៤៩ ដោយគ្មានការឯកភាពពីប្រជាពលរដ្ឋខ្មែរនោះឡើយ៕