​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​អចិន្ត្រៃយ៍​នៅ​ថ្ងៃស្អែក ជជែក​ករណី​លោក កឹម សុខា​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃស្អែកនេះ ដើម្បីជជែកពីករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងប្រឈមមុខនឹងការប៉ុនប៉ងចាប់ខ្លួនពីសំណាក់សមត្ថកិច្ច បន្ទាប់ពីបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះថ្ងៃទី០៥ ខែមិថុនានេះ បានឲ្យដឹងថា រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានៅថ្ងៃចន្ទស្អែកនេះ វេលាម៉ោង ៩ព្រឹកនៅវិមានរដ្ឋសភា។

អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីមកពីក្រសួងយុត្តិធម៌ នឹងជជែកពិភាក្សាពីករណីលោក កឹម សុខា ប៉ុន្តែលោកមិនដឹងថា តំណាងរាស្ត្របក្សប្រឆាំងនឹងចូលរួមក្នុងពិភាក្សានោះដែរឬយ៉ាងណាទេ។

នៅពេលសួរថា តើសភានឹងជជែកពីការដកអភ័យឯកសិទ្ធិលោក កឹម សុខា ឬយ៉ាងណា? លោកសុំមិនបកស្រាយលើករណីនេះ ដោយលោកថា មិនមានឯកសារនៅក្នុងដៃ៖”គេមានសំនួររបស់គេ ខ្ញុំមិនមានអត្ថបទនៅក្នុងដៃ ហើយក្រសួងយុត្តិធម៌គេត្រៀមឆ្លើយ”។

ដោយឡែក លោក ឡេង ប៉េងឡុង បញ្ជាក់ថា ក្រៅពីជជែករឿងលោក កឹម សុខា។ លោកថា រដ្ឋសភានឹងជជែកពីសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងអាស៊ានផងដែរ។

តំណាងរាស្ត្រគណបក្សប្រឆាំងលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលប្រជុំសភានៅថ្ងៃស្អែកនេះទេ ដរាបណាអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងរដ្ឋធម្មនុញ្ញ នៅតែត្រូវបានគេរំលោភបំពាន។

លោក អេង ឆៃអ៊ាង ថ្លែងថា៖«ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានផ្ញើញត្តិទៅប្រធានរដ្ឋសភារួចហើយ អំពីកាលដែលក្រុមយើងខ្ញុំមិនអាចធ្វើកិច្ចការរដ្ឋសភា ក្នុងស្ថានភាពមានការរំលោភរដ្ឋធម្មនុញ្ញ រំលោភអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ យោងតាមញត្តិនេះយើងមិនអាចចូលរួមប្រជុំ ចូលរួមធ្វើកិច្ចការនៅក្នុងស្ថានភាពបច្ចុប្បន្ននេះទេ»។

លោក អេង ឆៃអ៊ាង ស្នើទៅរដ្ឋសភាត្រូវពិនិត្យមើលឡើងវិញលើសេចក្តីសម្រេចរបស់ស្ថាប័នជាតិមួយចំនួន ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជៀសវាងកុំឲ្យមានការរិះគន់ពីមតិជាតិ និងអន្តរជាតិ ថាស្ថាប័នរដ្ឋសភាធ្វើក្រោមឥទ្ធិពលនយោបាយ។

លោកថ្លែងបន្តថា៖«យើងដឹងហើយថាស្ថាប័នរដ្ឋសភាជាស្ថាប័នមួយដាច់ដោយឡែក ជាអំណាចនីតិបញត្តិមួយដាច់ដោយឡែក បើមានសំណើរអ្វីមួយពីស្ថាប័ននីតិប្រតិបត្តិ ឬពីតុលាការ យើងមុននឹងធ្វើសេចក្តីសម្រេចយើងគួរតែពិនិត្យឲ្យបានដិតដល់ជាពិសេសទៅលើច្បាប់កំពូលរបស់ជាតិ រដ្ឋធម្មនុញ្ញ ថាតើយើងអាចធ្វើបានទេ ការធ្វើត្រឹមត្រូវទេ ដូចជាការអនុម័តសំឡេងភាគច្រើនដាច់ខាតចាប់ចងមនុស្ស ឲ្យគេចោទប្រកាន់តំណាងរាស្ត្រ គឺជាការរំលោភលើរដ្ឋធម្មនុញ្ញ»។

វីអូឌី(VOD) បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ដើម្បីសុំការបំភ្លឺជុំវិញករណីលោក កឹម សុខា ដែរ ប៉ុន្តែទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែ ឧសភា តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម និងសុំឲ្យនគរបាលយុត្តិធម៌ចាប់ខ្លួន លោក កឹម សុខាផងដែរ។ ទោះយ៉ាងណា រហូតដល់ថ្ងៃទី៥ខែមិថុនានេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនលោក កឹម សុខា នៅឡើយទេ។

កន្លងមក ក្រសួងយុត្តិធម៌ធ្លាប់លើកឡើងនូវទិដ្ឋភាពច្បាប់ស្ដីអំពី «បទបដិសេធក្នុងការចូលខ្លួន» ដែលមាត្រា ៥៣៨ ចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទារទោសដាក់ពន្ធនាគាពី ១ ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ១លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ