គណបក្សសង្គ្រោះជាតិ គ្រោងបញ្ជូនស្នាមមេដៃប្រជាពលរដ្ឋថ្មីបន្ថែមទៀត ថ្វាយព្រះមហាក្សត្រ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់បក្សប្រឆាំងមួយនេះ ដើម្បីទប់ទល់ទៅនឹងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ដែលត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺជាបន្តបន្ទាប់។
ស្នាមមេដៃ និងញត្តិពីប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ ត្រូវបានគណបក្សប្រឆាំងដង្ហែទៅថ្វាយព្រះមហាក្សត្រម្ដងរួចមកហើយកាលពីចុងខែឧសភាកន្លងមកនេះ។
ប៉ុន្តែ រដ្ឋាភិបាល បានស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យលើស្នាមមេដៃទាំងនោះ ដើម្បីស្វែងរកភាពត្រឹមត្រូវនៃញត្តិរបស់បក្សប្រឆាំង បន្ទាប់ពីវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីភាពមិនប្រក្រតីនៃញ្ញតិទាំងនោះ។
ទោះជាយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី០៤ ខែមិថុនា គណបក្សសង្គ្រោះជាតិ បានលើកឡើងថា បក្សប្រឆាំង គ្រោងរៀបចំការសម្ដែងមតិ និងទទួលញត្តិរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនាខាងមុខ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំខ្លឹមសារញត្តិថ្មីមួយទៀត ដើម្បីស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ នរោត្ដម សីហមុនី កុំឲ្យមានការប្រើប្រាស់ប្រព័ន្ធតុលាការ រំលោភទៅលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ។
លោក យឹម សុវណ្ណ ថ្លែងថា៖ «ខ្លឹមសារក្រោយនេះ គឺសុំឲ្យការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ហើយសុំបញ្ឈប់ការរំលោភបំពានតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ការគាបសង្កត់ទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ មិនបានបញ្ជាក់ពីចំនួនស្នាមមេដៃ និងពេលវេលាជាក់លាក់ ដែលគណបក្សនឹងដាក់ញត្តិថ្វាយទៅព្រះមហាក្សត្រនោះឡើយ ដោយលោកប្រាប់ឲ្យរង់ចាំការបញ្ចប់ទៅនៃពិធីសូត្រមន្តតាមពិធីព្រះពុទ្ធសាសនាមួយ ដែលគ្រោងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ៕
កាលពីដើមសប្តាហ៍នេះ តំណាងរាស្ត្រគណបក្សប្រឆាំង បានដង្ហែរញត្តិ និងស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ថ្វាយព្រះមហាក្សត្រ ដើម្បីស្វែងរកអន្តរាគមន៍ឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ មន្ត្រីគ.ជ.ប.០១រូប តំណាងរាស្ត្រ ២រូប និងសកម្មជននយោបាយដទៃទៀត ព្រមទាំងបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា ផងដែរ៕









