ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន បានជំរុញឲ្យចិនផ្ដល់សិទ្ធិកាន់តែច្រើនដល់ប្រជាជនខ្លួន និងព្យាបាលរបួស និងភាពឈឺចាប់នាអតីតកាល នៅចំថ្ងៃរំឭកខួបលើកទី ២៧ឆ្នាំ នៃហេតុការណ៍បង្ក្រាបនៅទីលានធៀនអានមេន កាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោកស្រីបានថ្លែងដូច្នេះ បន្ទាប់ពីមានការរំឭកខួបទីលានធៀនអានមេន ជាលើកដំបូងនៅក្នុងសភារបស់ដែនដីកោះមួយនេះ កាលពីថ្ងៃសុក្រ កន្លងមក ខណៈក្រុមសមាជិកសភា បានជំរុញឲ្យរដ្ឋាភិបាលលើកយកបញ្ហាសិទ្ធិមនុស្ស មកជជែកនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយចិន។
ទំនាក់ទំនងជាមួយប្រទេសចិន បានកើតមានបញ្ហាយ៉ាងឆាប់រហ័សចាប់តាំងពីពេលលោកស្រី បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមករាកន្លងមក ដោយក្រុងប៉េកាំងបានពុំទុកចិត្តលើគណបក្ស DPP ដែលមានទំនោរចង់បានឯករាជ្យនោះឡើយ។
បើទោះបីជាកោះតៃវ៉ាន់ មានរបបគ្រប់គ្រងខ្លួនឯងចាប់តាំងពីបំបែកខ្លួនពីចិនដីគោកកាលពីឆ្នាំ១៩៤៩ក៏ដោយ ក៏ចិននៅតែចាត់ទុកដែនដីកោះនេះ ជាទឹកដីរបស់ខ្លួនដដែល។
ដោយបានលើកឡើងពីហេតុការណ៍ទីលានធៀនអានមេនជាលើកដំបូងក្នុងឋានៈជាមេដឹកនាំតៃវ៉ាន់នោះ លោកស្រី សៃ បាននិយាយថា ចិនត្រូវតែបើកចំហចំពោះហេតុការណ៍បង្ក្រាបទៅលើការតវ៉ាបែបប្រជាធិបតេយ្យនៅឆ្នាំ១៩៨៩ នៅទីក្រុងប៉េកាំង ដែលគេជឿថាបានបណ្ដាលឲ្យមនុស្សជាង ១ពាន់នាក់ស្លាប់។
អាជ្ញាធរចិន បានចាត់ទុកបាតុកម្មនោះជាការបះបោរប្រឆាំងបដិវត្តន៍ ហើយមនុស្សជាច្រើននៅចិនដីគោក នៅតែមិនបានដឹងនូវអ្វីដែលបានកើតឡើងនោះឡើយ៕