រដ្ឋមន្រ្តីយុត្តិធម៌នឹងចូលបំភ្លឺតាមសំណើរបស់តំណាងរាស្រ្តបក្សប្រឆាំង

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា នាពេល​កន្លង​មក

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាបានកំណត់ថ្ងៃទី៩ ខែមិថុនានេះ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ចូលបំភ្លឺនៅក្នុងសភា តាមសំណើរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

តំណាងរាស្រ្តបក្សប្រឆាំងចំនួន១០រូបបានដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើឲ្យកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យចូលបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភាលើបញ្ហាមួយចំនួន ដែលក្នុងនោះមានការសាកសួរពីការចោទប្រកាន់របស់តុលាការលើតំណាងរាស្រ្តនិងមន្រ្តីសិទ្ធិមនុស្សផងដែរ។

ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដែលមានតែសមាជិកមកពីគណបក្សកាន់អំណាច អ្នកនាំពាក្យរបស់តំណាងរាស្រ្តបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថារដ្ឋសភាបានសម្រេចឲ្យលោក អង្គ វង្ស វឌ្ឍានា មកឆ្លើយបំភ្លឺនៅមុខគណៈកម្មការរបស់រដ្ឋសភា តាមការអញ្ជើញរបស់បក្សប្រឆាំងនៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ។

ក្នុងលិខិតចុះថ្ងៃទី៤ ខែឧសភា តំណាងរាស្រ្តបក្សប្រឆាំងក្នុងនោះមាន លោក សុន ឆ័យ ផងដែរ បានស្នើនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចូលបំភ្លឺ នៅថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន រួមមានគោលការណ៍ច្បាប់និងគោលនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន(គោលការណ៍និងការអនុវត្តជាក់ស្តែងនិងអធិការកិច្ចការឃុំខ្លួន)និងការប្តឹងបរិហារនិងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

លោក សុន ឆ័យ ធ្លាប់ប្រាប់វីអូឌីថាការស្នើសុំបំភ្លឺនេះជាគម្រោងដែលតំណាងរាស្រ្តបានត្រៀមយូរមកហើយនិងមិនពាក់ព័ន្ធនឹងស្ថានភាពនយោបាយដែលកំពុងកើតឡើងបច្ចុប្បន្ននោះទេ។ លោកបន្តថាប្រព័ន្ធតុលាការនិងក្រសួងយុត្តិធម៌ត្រូវបានរិះគន់ជាបន្តបន្ទាប់ថាមានភាពមិនប្រក្រតីច្រើន។ លោកបានបន្ថែមថាបញ្ហាការចោទប្រកាន់តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាននិងមន្រ្តីសង្គមស៊ីវិលនាពេលថ្មីៗនេះ ក៏នឹងត្រូវសួរដេញដោលផងដែរ។

វីអូឌីមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សុន ឆ័យ បាននៅឡើយទេ។

គណបក្សប្រឆាំងធ្លាប់បានប្រកាសថាតំណាងរាស្រ្តសង្រ្គោះជាតិទាំងអស់មិនអាចបំពេញការងារនៅមន្ទីររដ្ឋសភាក្នុងកាលៈទេសៈដែលគណបក្សថាមានការរំលោភបំពានអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តជាបន្តបន្ទាប់។ការប្រកាសនេះធ្វើឡើងក្រោយពីមានការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយសារលោកមិនបានចូលបំភ្លឺតាមការកោះហៅរបស់តុលាការ៕ រាយការណ៍បន្ថែមដោយ ស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ