ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចយកខែកក្កដា ឆ្នាំ២០១៦ ដើម្បីពិភាក្សាពីលទ្ធភាពនៃការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារចុះថ្ងៃទី០៦ ខែមិថុនា ការពិភាក្សាពីប្រាក់ឈ្នួលអប្បបរមា លក្ខណៈផ្ទៃក្នុងភាគី ត្រូវបានកំណត់ធ្វើនៅខែកក្កដាខាងមុខនេះ ចំណែកការចូលជាធរមានរបស់ប្រាក់ឈ្នួលអប្បបរមានេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ សេចក្តីប្រកាសដដែលឲ្យដឹងថាក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម បែបសេដ្ឋកិច្ច និងបន្ទាត់ក្រីក្រជាមូលដ្ឋាន។
រដ្ឋាភិបាលបានកំណត់ថានៅក្នុងឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករត្រូវដំឡើងទៅដល់យ៉ាងតិច១៦០ដុល្លារ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថាសហជីពមិនទាន់បានជួបប្រមូលមតិគ្នានៅឡើយទេទៅលើការដំឡើងប្រាក់ឈ្នួលនេះទេ តែលោកថាគេតែងមានគោលការណ៍ដំឡើងប្រាក់ឈ្នួលមួយឆ្នាំម្តង។
ថ្មីៗនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថាGMACបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថាកម្ពុជាអាចនឹងចាញ់ប្រៀបក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសផលិតសម្លៀកបំពាក់ផ្សេងៗទៀត ដោយសារតែការធ្លាក់ចុះនៃផលិតភាពក្នុងវិស័យកាត់ដេរ ក៏ដូចជាការចំណាយដែលចេះតែកើនឡើងជាលំដាប់។ GMACបន្តថាជាក់ស្តែង នៅចន្លោះពីឆ្នាំ២០១១ដល់ដំណាច់ឆ្នាំ២០១៤ ផលិតភាពការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង បានធ្លាក់ចុះប្រមាណ១៤ ភាគរយ។
គួររំឭកផងដែរ នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០១៥ ប្រាក់ឈ្នួលអប្បរមារបស់កម្មករកាត់ដេរត្រូវបានដំឡើងពី១២៨ទៅ១៤០ដុល្លារ ក្រោយពីមានការទាមទារពីសំណាក់កម្មករនិយោជិកនិងសហជីពនានាឲ្យក្រសួងដំឡងប្រាក់ឈ្នួលដល់១៦០ដុល្លារ៕