យ៉ាងតិចសកម្មជនដីធ្លី៧នាក់មកពីសហគមន៍មានជម្លោះដីធ្លីថ្មគោល បុរីកីឡា និងបឹងកក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ ខណៈពួកគេធ្វើយុទ្ធនាការពាក់អាវខ្មៅ សប្ដាហ៍ទី៥ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប.មួយរួប ដែលកំពុងជាប់ឃុំ។ ‘
កម្លាំងសន្តិសុខនិងអាជ្ញាធរខណ្ឌដង្កោប្រហែល៥០នាក់ ត្រូវបានគេដាក់ពង្រាយនិងទប់ស្កាត់ការតវ៉ា មុននឹងមានការឃាត់ខ្លួនស្ត្រីសកម្មជនដីធ្លីទាំងនោះ។ តាមគម្រោង សកម្មជនដីធ្លីគ្រោងនឹងជួបគ្នានៅពន្ធនាគារព្រៃស។ ពួកគេត្រូវបានឃាត់ខ្លួននៅកន្លែងពីរផ្សេងគ្នា គឺមួយក្រុមនៅពន្ធនាគារព្រៃនិងមួយក្រុមទៀតនៅក្បែរបុរីសន្តិភាពពីរ ក្នុងខណ្ឌដង្កោ។ រហូតមកដល់ពេលនេះ ពួកគេស្ថិតនៅអធិការខណ្ឌដង្កោ។
នេះគឺជាសប្ដាហ៍ទី៥ហើយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលអង្គការសង្គមស៊ីវិលនិងសហគមន៍មានជម្លោះដីធ្លី រៀបចំឡើងដើម្បីទាមទារឲ្យដោះលែងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គ.ជ.ប. មួយរូប។ ក្នុងរយៈពេល៤សប្តាហ៍កន្លងទៅ អាជ្ញាធរតែងតែទប់ស្កាត់ការប្រមូលផ្តុំរបស់ពួកគេ ហើយបានឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
មន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូបនោះ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប. លោក នី ចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថាបានសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសរបស់កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕