អាជ្ញាធរ​ដោះលែង​សមាជិកបក្សប្រឆាំង​ ក្រោយឃាត់ខ្លួន​រឿងប្រមូលស្នាមមេដៃ​

អាជ្ញាធរខណ្ឌ៧មករា នៅរសៀលថ្ងៃអង្គារនេះ បានដោះលែងសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្ស សម រង្ស៊ី អ្នកស្រី ហែម ហាង ក្រោយពីឃាត់ខ្លួនប្រមាណ៤ម៉ោង ដោយសារចុះប្រមូលស្នាមមេដៃដើម្បីដាក់ថ្វាយព្រះមហាក្សត្រ។

អ្នកស្រីត្រូវបានឃាត់ខ្លួននៅម៉ោង៩និង៣០នាទីព្រឹក ខណៈអ្នកស្រីដើរប្រមូលស្នាមមេដៃ ក្នុងគោលបំណងស្នើសុំព្រះមហាក្សត្រអន្តរាគមន៍បញ្ហានយោបាយបច្ចុប្បន្ន។ អ្នកស្រីត្រូវបានដោះលែងនៅម៉ោងជិត១និង៣០នាទី។

អ្នកស្រីប្រាប់វីអូឌីក្រោយការដោះលែងថាអាជ្ញាធរបានឲ្យអ្នកស្រីផ្តិតមេដៃហើយឈប់បន្តសកម្មភាពប្រមូលស្នាមមេដៃ។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីបានផ្តិតមេដៃ តែថាអ្នកស្រីនឹងនៅតែបន្តប្រមូលស្នាមដៃ។

អ្នកស្រីចាត់ទុកការឃាត់ខ្លួននេះជាការរំលោភសិទ្ធិប្រជាពលរដ្ឋ ដោយអ្នកស្រីថាអ្នកស្រីគ្រាន់តែប្រមូលស្នាមមេដៃនៅហាងកាហ្វេមួយដែលជាផ្ទះរបស់សកម្មជនគណបក្សសង្រ្គោះជាតិក្នុងសង្កាត់វាលវង់។ អ្នកស្រីបញ្ជាក់ថាអ្នកផ្តិតមេដៃជាអ្នកស្ម័គ្រចិត្តដែលហៅអ្នកស្រីមកយកស្នាមដៃ។

គណបក្សសង្រ្គោះជាតិបានឲ្យសមាជិករបស់ខ្លួននៅតាមខេត្តនិងរាជធានីប្រមូលស្នាមមេដៃប្រជាពលរដ្ឋឲ្យបានជាង២០ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្រសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា តំណាងរាស្ត្រ២រូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ព្រមទាំងដោះលែង លោក មាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០រូបទៀត។

គួរបញ្ជាក់ថាសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃជាបន្តបន្ទាប់នៅតាមខេត្តមួយចំនួន ក្នុងនោះមានខេត្តកំពតពីរករណី នៅខេត្តតាកែវមួយករណី នៅខេត្តកំពង់ធំមួយករណី នៅខេត្តសៀមរាបមួយករណី និងនៅភ្នំពេញជាករណីថ្មីចុងក្រោយនៅថ្ងៃនេះ។

កន្លងទៅ តំណាងរាស្ត្រគណបក្សប្រឆាំងបានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដោយថាជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រ ក៏ដូចជាព្រះមហាក្សត្រ។

ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យមួយ ដើម្បីពិនិត្យស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ៕ ទូច សុខានិងណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ