ពៅ បញ្ញាពេជ្រ ថាចង់បាន​​​​​យុត្តិធម៌​ដូច​នាងខុម ចាន់​តារ៉ាទី

កញ្ញា ពៅ បញ្ញាពេជ្រ ដែលរងការបាញ់ប្រហារកាលពីឆ្នាំ​២០០៧ រហូត​ធ្វើឲ្យ​នាង​ពិការ​រហូត​មក​ដល់​សព្វថ្ងៃនេះ(រូបថតពីហ្វេសប៊ុក)

ខណៈមនុស្សចេញមុខទទូចអោយតុលាការស្វែងរកយុត្តិធម៌សម្រាប់ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយអះអាងថាដើម្បីលើកតម្លៃស្រ្តីខ្មែរនិងដើម្បីជាប្រយោជន៍ដល់នារីរងគ្រោះអោយទទួលបាននូវយុត្តិធម៌ពីការរំលោភបំពាននោះ អតីតតារាចម្រៀងនាងពៅ បញ្ញាពេជ្រ ដែលត្រូវគេដឹងយូរមកហើយថាជានារីរងគ្រោះម្នាក់ដែរ បានប្រកាសថានាងក៏ចង់ឲ្យមានសំឡេងជ្រោមជ្រែង ដើម្បីអោយមានការសើរើលើករណីរបស់នាងដូចគ្នា។ យ៉ាងណាមិញ នាងថាអ្វីៗគ្រាន់តែជាការចង់បានប៉ុណ្ណោះ ចំពោះលទ្ធផលគឺមិនទាន់ហ៊ានរំពឹងច្រើនទេ ដោយនាងថានាងនិងកញ្ញាខុម ចាន់តារ៉ាទី ដ្បិតថាជាជនរងគ្រោះដូចគ្នា ប៉ុន្តែប្រហែលមិនមានឱកាសដូចគ្នា។

នាងខុម ចាន់តារ៉ាទី ត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិហើយតុលាការកំពុងតែចាត់ការរឿងនេះ។ ដោយសារករណីនេះ លោក កឹម សុខា កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយសារលោកមិនបានចូលបំភ្លឺក្នុងនាមជាសាក្សី តាមការកោះហៅរបស់តុលាការ។

ពៅ បញ្ញាពេជ្រ បានផ្ដល់សម្ភាសន៍ពីប្រទេសថៃមកថានាងបានដឹងទាំងអស់នៅតាមបណ្ដាញហ្វេសប៊ុក ករណីរបស់ខុម ចាន់តារ៉ាទី ដែលមានការគាំទ្រដើម្បីអោយច្បាប់ដាក់ចេញវិធានការជួយអោយនាងទទួលបានយុត្តិធម៌។ នាងនិយាយថា៖ “ចំពោះរឿងហ្នឹងបើទោះជាខ្ញុំមិននិយាយ ក៏គេដឹងហើយថាខ្ញុំចង់បានឬអត់ ប៉ុន្តែខ្ញុំគិតថាវាអាចដែរព្រោះសម័យនេះជាសម័យកាលអ៊ីនធើណែត! ពលរដ្ឋគាត់ចេះជួយឈឺឆ្អាលគ្នាច្រើន!  ជួនកាលគាត់ធ្វើរឿងហ្នឹង(ជួយកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ) ចឹងគាត់អាចនឹកឃើញខ្ញុំ ព្រោះបើរកយុត្តិធម៌អោយនារីម្នាក់ដែលរងគ្រោះ ចុះពៅ បញ្ញាពេជ្រ គ្នារងគ្រោះដែរម៉េចមិនរកយុត្តិធម៌អោយផង។ ចឹងចំណុចនេះទោះខ្ញុំមិននិយាយក៏គេអាចធ្វើទៅថ្ងៃក្រោយដែរ ដោយសារឥឡូវគេចង់អោយសង្គមយើងល្អអីដែរ!”។

គួរបញ្ជាក់ថាពៅ បញ្ញាពេជ្រ ត្រូវបានបាញ់ប្រហារនៅកណ្ដាលព្រឹកនៅម្ដុំក្រសួងរ៉ែនិងឧស្សាហកម្ម ក្នុងពេលនាងទៅរៀនភាសាអង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០០៧។ នាងធ្លាក់ខ្លួនពិការស្លាប់មួយកំណាត់ក្រោមដូចគ្នានឹងតារាចម្រៀងទូច ស៊ុននិច ដែលរងការបាញ់ប្រហារដោយមិនយុត្តិធម៌នោះដែរ។ មន្ត្រីសមត្ថកិច្ចបានត្រឹមតែអះអាងថាករណីបាញ់ប្រហារមកលើនាងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែការកំណត់មុខសញ្ញាឃាតកនិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសគឺមិនមានពន្លឺសូម្បីបន្តិច បើធៀបនឹងករណីរបស់ស្រីមុំ។

តាំងពីដើមខែមីនា ឆ្នាំ២០១៦ កញ្ញា ពៅ បញ្ញាពេជ្រ បានចាកចេញពីប្រទេសកម្ពុជាទៅព្យាបាលជំងឺ នៅមណ្ឌលព្យាបាលចលនាមួយក្នុងខេត្តអ៊ូប៊ុនប្រទេសថៃ។

នាងបានបញ្ជាក់ថាផ្អែកតាមកម្លាំងសាមគ្គីដែលនាងបានឃើញកើតចេញពីសំណាក់ក្រុមនិស្សិតនិងមហាជន ក្នុងការជួយដល់កញ្ញាខុម ចាន់តារ៉ាទី ហាក់ធ្វើអោយនាងមានពន្លឺបន្តិច ដោយសារតែនាងក៏ជានារីដែលត្រូវបានរំលោភបំពាននិងរងការបាញ់ប្រហារបណ្ដាលអោយក្លាយជាពិការភាពធ្ងន់ធ្ងរជាងករណីរបស់ស្រីមុំទៅទៀត។

យ៉ាងណាមិញ កញ្ញា ពៅ បញ្ញាពេជ្រ ហាក់មិនហ៊ានជឿជាក់ចំពោះក្ដីសង្ឃឹមដែលបានលើកឡើងច្រើនទេ ដោយសារតែនាងក៏មើលឃើញថាករណីរបស់នាង និងករណីស្រីមុំ គឺជារឿង២ខុសគ្នា។ នាងនិយាយថា៖ “ចំណុចហ្នឹងខ្ញុំអត់សង្ឃឹមទេ ក្ដីសង្ឃឹមខ្ញុំនៅឆ្ងាយដូចជើងមេឃចឹង ព្រោះថារឿងនេះគឺជារឿងនយោបាយរបស់គេ ខ្ញុំមិនហ៊ានសង្ឃឹមទេ ហើយមិនមែនមានតែខ្ញុំមួយទេដែលមិនទាន់បានយុត្តិធម៌ មានបងស៊ុននិច និងមាននារីរងគ្រោះជាច្រើនទៀត ក៏មិនទាន់មានយុត្តិធម៌ដូចខ្ញុំដែរ ប៉ុន្តែបើរឿងនឹងគេធ្វើដើម្បីជួយនារីរងគ្រោះ ចឹងករណីខ្ញុំក៏អាចកើតឡើងដែរ!”។ នាងថាអ្វីៗស្ថិតនៅលើកម្លាំងសាមគ្គីរបស់មហាជនប៉ុណ្ណោះ ទើបអាចកំណត់ថាករណីរបស់នាងដែលបានកប់ចោលជាយូរហើយព្រោះតែគ្មានដំណោះស្រាយ នឹងមានឱកាសដូចគ្នានឹងករណីរបស់ស្រីមុំឬក៏អត់។

នាងបានបញ្ជាក់នៅចុងកិច្ចសម្ភាសន៍ថាបញ្ហាយុត្តិធម៌សម្រាប់រូបនាងហាក់មិនមានតម្លៃទៀតទេ បន្ទាប់ពីនាងបានក្លាយជានារីពិការម្នាក់អស់រយៈពេលប្រមាណជិត១០ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ