មន្រ្តីក្រសួងយុត្តិធម៌បានឲ្យដឹងថាសហរដ្ឋអាមេរិកមានគម្រោងជួយកម្ពុជាក្នុងការធ្វើច្បាប់ស្តីពីបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលកម្ពុជាកំពុងសិក្សានិងរៀបចំធ្វើសេចក្តីព្រាងនៃច្បាប់នេះ ដោយចង់ឃើញច្បាប់នេះមិនប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt នៅទីស្តីការក្រសួងកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានពិភាក្សាជាមួយក្រសួងក្រសួងយុត្តិធម៌ ដោយផ្តោតលើការជួយរបស់សហរដ្ឋលើវិស័យយុត្តិធម៌និងការបារម្ភរបស់អាមេរិកចំពោះបញ្ហានយោបាយកម្ពុជានាពេលបច្ចុប្បន្ន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាអាមេរិកបានសន្យាថានឹងចូលរួមជួយកម្ពុជាក្នុងការទប់ស្កាត់និងបង្ក្រាបការជួញដូរមនុស្សនិងមួយទៀតជួយកកម្ពុជាក្នុងការព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាដែលអាមេរិកជាប្រទេសមានបទពិសោធន៍ទៅលើច្បាប់នេះ។ លោកបន្តថា សហរដ្ឋអាមេរិកចង់ឃើញកម្ពុជាមានច្បាប់នេះដើម្បីធានាឲ្យមានសណ្ដាប់ធ្នាប់និងភាពត្រឹមត្រូវតាមច្បាប់ តែមិនមែនជាការរឹតត្បិតការបញ្ចេញមតិនៅលើប្រព័ន្ធនេះទេ។
លោកមានប្រសាសន៍ថា៖ “គេ(អាមេរិក)ចង់ចូលរួមជួយអាហ្នឹង(ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា)ដោយសារគេគិតថាកម្ពុជាចាំបាច់ត្រូវតែមានច្បាប់ហ្នឹង ដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាទំនើបហ្នឹងឲ្យមានសណ្តាប់ធ្នាប់និងត្រឹមត្រូវតាមច្បាប់និងប្រជាធិបតេយ្យ ក៏ប៉ុន្តែទន្ទឹមនឹងនោះគេក៏ចង់ឲ្យច្បាប់ហ្នឹងធ្វើឡើងដើម្បីកុំឲ្យជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនោះណា! ”។
លោកបន្តថានៅខែកក្កដាខាងមុខនឹងមានការចុះទស្សនកិច្ចសិក្សារបស់មន្ត្រីនៃក្រសួងយុត្តិធម៌រួមជាមួយមន្ត្រីនៃក្រសួងដែលពាក់ព័ន្ធក្នុងការធ្វើច្បាប់នេះទៅសហរដ្ឋអាមេរិកដើម្បីសិក្សាពីច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យានេះ។
លោកបន្ថែមថា៖ “ឥឡូវនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរៀបចំក្រុមការងារហ្នឹងដើម្បីសិក្សាលម្អិតជាមួយខាងសហរដ្ឋអាមេរិកថាតើយើងអាចធ្វើការជាមួយគ្នាហើយជួយទៅលើផ្នែកណាជាលម្អិតតែម្តង(ជា)ក្រុមការងារបច្ចេកទេស”។
គួររំឭកផងដែរថាសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះត្រូវបានរដ្ឋាភិបាលរៀបចំសេចក្តីព្រាងតាំងពីពាក់កណ្តាលឆ្នាំ២០១០មកម្លេះតែត្រូវបានផ្អាក ដោយរដ្ឋាភិបាលអៈអាងថាខ្លួនជាប់ពិនិត្យឯកសារច្បាប់ ឯកសារគតិយុត្តិក៏ដូចជាជាប់ដោះស្រាយកិច្ចការនានាដែលមានលក្ខណៈបន្ទាន់និងអទិភាពជាងច្បាប់នេះ។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman ប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថាឯកអគ្គរដ្ឋទូតអាមេរិកបានពិភាក្សាលើបញ្ហាមួយចំនួនក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួយដូរមនុស្ស នីតិរដ្ឋនិងស្ថានភាពនយោបាយបច្ចុប្បន្ន។ លោកបន្តថាឯកអគ្គរដ្ឋទូតក៏បានពិភាក្សាលើបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ លោកមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិកស្វែងរកឱកាសដើម្បីចែករំលែកបទពិសោធន៍របស់យើងនិងការអនុវត្តល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយដៃគូអន្តរជាតិរបស់យើង។ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាមួយនៃការពង្រឹងច្បាប់យ៉ាងតឹងរ៉ឹង ប៉ុន្តែវាមានសារៈសំខាន់ដែលការពង្រឹងច្បាប់នោះស្របតាមសេរីភាពសំខាន់ៗរបស់មនុស្ស”។
កាលពីឆ្នាំ២០១៥ នៅពេលដែលក្រសួងទូរគមនាគមន៍បានចេញសេចក្តីបំភ្លឺពីសេចក្តីព្រាងច្បាប់នេះ ក្រុមអង្គការសង្គមស៊ីវិលបានសម្ដែងក្ដីព្រួយបារម្ភ ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ដោយពួកគេអះអាងថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត នោះរដ្ឋាភិបាលនឹងមានសិទ្ធិក្នុងការតាមដាននូវរាល់សកម្មភាពរបស់អ្នកប្រើប្រាស់អ៊ីនធើណែត ដែលសង្គមស៊ីវិលបារម្ភថានឹងរឹតត្បិតដល់សេរីភាពបញ្ចេញមតិរបស់ប្រជាជន៕









