រដ្ឋាភិបាលអះអាងថាមិនមានអំពើពុករលួយក្នុងការរត់ការចុះបញ្ជីពន្ធដារ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

រដ្ឋាភិបាលអះអាងថាមិនមានមន្រ្តីពន្ធដារណាប្រព្រឹត្តិអំពើពុករលួយក្នុងការទារថ្លៃសេវាក្រោមតុ ដើម្បីរត់ការចុះបញ្ជីពន្ធដារឲ្យសហគ្រាសដូចការចុះផ្សាយនៅតាមបណ្ដាញសង្គមនោះទេ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចបានចេញសេចក្ដីបំភ្លឺមួយចុះថ្ងៃទី០៨ ខែមិថុនា ឆ្លើយតបទៅនឹងការចុះផ្សាយតាមសង្គមហ្វេសប៊ុកគណនីឈ្មោះ Prak Sovann ដែលថាថ្មីៗនេះមានមន្រ្តីពន្ធដារសម្លុតគំរាមទារថ្លៃសេវាក្រោមតុចំនួន២៥០០ដុល្លារ ដើម្បីរត់ការចុះបញ្ជីពន្ធដារ។

ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារអះអាងថាការចោទប្រកាន់ខាងលើមិនពិតមានលក្ខណៈមួលបង្កាច់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនិងធ្វើឲ្យរាំងស្ទះដល់ដំណើរការចុះបញ្ជីពន្ធដារ។

នាយកដ្ឋានពន្ធដារបន្តក្នុងសេចក្ដីបំភ្លឺថា៖ តាមការសាកសួរមន្រ្តី គឺមានអ្នករត់ការពីរនាក់ដែលមករករឿងមន្រ្តីពន្ធដារទទួលបន្ទុកកិច្ចការចុះបញ្ជី ហើយមន្រ្តីបំពេញការងារនេះបានណែនាំឲ្យគាត់បំពេញឯកសារឲ្យបានត្រឹមត្រូវ ប៉ុន្តែបុគ្គលជាអ្នករត់ការនោះបដិសេធមិនព្រមបំពេញ ហើយថែមទាំងស្រែកឡូឡាដាក់មន្រ្តីពន្ធដារតែម្ដង

សេចក្ដីបំភ្លឺដដែលក៏លើកឡើងដែរថាបញ្ហាប្រឈមដែលតែងតែកើតមានគឺមានអ្នករត់ការមួយចំនួនយកលេសទារប្រាក់ពីម្ចាស់សហគ្រាសក្នុងកម្រិតខ្ពស់ថាយកមករត់ការ តែការពិតយកមកដាក់ហោប៉ៅហើយមកចោទមន្រ្តីពន្ធដារទៅវិញ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍កន្លងមកស្ថាប័នរដ្ឋាភិបាលតែងតែថ្លែងការពារខ្លួនចំពោះការរិះគន់ថាមានអំពើពុករលួយក្នុងសេវាសាធារណៈ ដោយមិនទទួលខុសត្រូវ។ លោកបន្ថែមថាបើចង់បង្ហាញពីភាពស្អាតស្អំថាមិនមានអំពើរពុករលួយ ត្រូវមានស្ថាប័នឯករាជ្យចុះធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ។

លោកបន្ថែមថា៖ “វាជាសមត្ថកិច្ចរបស់អង្គភាពដាច់ដោយឡែកមួយទៀត គឺអង្គភាពប្រឆាំងអំពើពុករលួយ។ បើមានតម្រុយល្អ អញ្ចឹងខ្ញុំគិតថាគួរតែមានការស៊ើបអង្កេតពីអង្គភាពប្រឆាំងអំពើពុករលួយដែរ ដើម្បីរកឲ្យឃើញថាពន្ធដារពិតជាមានភាពស្អាតស្អំមែនឬយ៉ាងណានោះអញ្ចឹងមិនមែនថាក្រុមមួយត្រូវបានរងការចោទប្រកាន់ ហើយក្រុមនោះឆ្លើយមកវិញចឹងរួចចប់សព្វគ្រប់ទេ”។

លោក សន ជ័យ ក៏លើកឡើងថាការរត់ការក៏ជាបញ្ហាប្រឈមមួយដោយសារការផ្ដល់សេវាខ្លះមានលក្ខណៈស្មុគស្មាញ ទើបពលរដ្ឋបង្ខំចិត្តចំណាយប្រាក់ឲ្យមន្រ្តីរត់ការឲ្យ។ លោកបន្ថែមថា ដើម្បីជៀសវាងភាពខុសប្រក្រតីក្នុងការរត់ការផ្ដល់សេវាកម្មសាធារណៈនេះ រដ្ឋាភិបាលគួរតែរៀបចំជាប្លង់បង្ហាញទិសត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋអាចទទួលសេវាបានដោយខ្លួនឯង។

បើតាមនាយកដ្ឋានពន្ធដារ តម្លៃសេវានៃការចុះបញ្ជីពន្ធដារគឺ៤០ម៉ឺនរៀលសម្រាប់ការចុះបញ្ជីពន្ធដារថ្មី និង២០ ម៉ឺនរៀលសម្រាប់ការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដែលរយៈពេលនៃការផ្ដល់សេវានេះគឺពី៧ទៅ១០ថ្ងៃនៃថ្ងៃធ្វើការសម្រាប់ការចុះបញ្ជីដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ