មន្ដ្រីគណបក្សប្រឆាំង៣រូបទៀតអះអាងថាពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅព្រមានឲ្យបញ្ឈប់ប្រមូលស្នាមមេដៃស្វែងរកអន្ដរាគមន៍ពីព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោបាយនិងមន្ដ្រីសិទ្ធិមនុស្សដែលតុលាការឃុំខ្លួន។
ជំទប់ទី២នៅឃុំមួយក្នុងខេត្ដកំពង់ស្ពឺមកពីគណបក្សប្រឆាំង លោក ឡាយ រ៉ា ប្រាប់VODថា សមត្ថកិច្ចបានកោះហៅលោកចូលបំភ្លឺនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំព្រះនិពាន្ធ ស្រុកគងពិសី នៅថ្ងៃព្រឹកសុក្រនេះ ដោយឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការដើរប្រមូលស្នាមមេដៃពលរដ្ឋ ដោយចោទជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្ដែលោកថា លោកមិនអាចធ្វើតាមការណែនាំពីសមត្ថកិច្ចទេលុះត្រាមានការឯកភាពពីថ្នាក់លើរបស់ខ្លួន។ លោកបន្ដថា៖ “គាត់ឲ្យបញ្ឈប់ ថាយើងធ្វើហ្នឹងខុសច្បាប់ ច្បាប់ក្រមព្រហ្មទណ្ឌគាត់មាត្រា៥២២និងមាត្រា៥២៣ឲ្យខ្ញុំធ្វើកិច្ចសន្យាបញ្ឈប់ តែខ្ញុំអត់ធ្វើ“។
ដោយឡែកសមាជិកក្រុមប្រឹក្សាស្រុកអង្គរជុំ ខេត្ដសៀមរាបមកពីគណបក្សសង្គ្រោះជាតិលោក អ៊ិល ឌឿង អះអាងថា កាលពីម្សិលមិញសមត្ថកិច្ចនៅឃុំដូនពែងក៏បានរារាំងលោកមិនឲ្យដើរប្រមូលស្នាមមេដៃពីក្នុងករណីដូចគ្នានោះដែរ ខណៈគាត់ប្រមូលស្នាមមេដៃពលរដ្ឋបានប្រហែល១០នាក់។ លោកបន្ដថាសមត្ថកិច្ចដែលឲ្យបញ្ឈប់នេះប្រាប់ថាមានបញ្ជាពីអធិការនគរបាល។ លោកបន្ដថា៖ “មិនទាន់ចប់សប់គ្រប់ទេត្រឹមតែបានប្រហែល១០នាក់រួចហើយទៅក៏នាំគ្នាសម្រាកបាយមិនទាន់បានចេញទៅទៀតផងសមត្ថកិច្ចមកប្រាប់ឲ្យយើងផ្អាកឲ្យយើងឈប់ធ្វើបណ្ដោយ“។
ចំណែកនៅរាជភ្នំពេញ ចៅសង្កាត់រងទី២នៃសង្កាត់ព្រៃវែង ខណ្ឌដង្កោ លោក អ៊ឹម សាខន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈកំពុងដើរប្រមូលឱ្យប្រជាពលរដ្ឋ។ ប៉ុន្តែត្រូវកម្លាំងបញ្ជូនទៅអធិការខណ្ឌដង្កោធ្វើការព្រមាន រួចដោះលែងវិញ។
អធិការនគរបាលស្រុកគងពិសី ខេត្ដកំពង់ស្ពឺ លោក ឃឹម សុផាន់រ៉ា មានប្រសាសន៍ថា ការកោះហៅមន្ដ្រីបក្សប្រឆាំងដែលប្រមូលស្នាមមេដៃនោះគ្មានមូលហេតុអីទេ ដោយលោកថាជាគោលការណ៍ពីក្រសួង ហើយលោកឲ្យសាកសួរទៅស្នងការខេត្ដវិញ។
អគ្គស្នងការរងនគរបាលជាតិលោក កង សុខន មានប្រសាសន៍ថាករណីសមត្ថកិច្ចនៅតាមមូលដ្ឋានហៅសកម្មជនគណបក្សជំទាស់សួរនាំជុំវិញការប្រមូលស្នាមមេដៃនោះ ដោយលោកថាការចុះប្រមូលនោះមិនបានជូនដំណឹងសមត្ថកិច្ចជាមុន។
លោកថា៖ ”បាទ! ធម្មតាទេសមត្ថកិច្ចមូលដ្ឋាន អ្នកណាធ្វើអ្វីមិនមានច្បាប់ទំលាប់ត្រឹមត្រូវឬមានអីគេឆ្ងល់ គេអាចហៅសួរជារឿងធម្មតា”។
នៅពេលសួរថាការប្រមូលស្នាមមេដៃរបស់គណបក្សជំទាស់ខុសច្បាប់ដែរឬទេ? លោក កង សុខន សុំមិនបកស្រាយលើករណីនេះទេ។
គណបក្សសង្រ្គោះជាតិបានឲ្យសមាជិករបស់ខ្លួននៅតាមខេត្តនិងរាជធានីប្រមូលស្នាមមេដៃឲ្យបានជាង២០ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្រសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា តំណាងរាស្ត្រ២រូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ព្រមទាំងដោះលែង លោក មាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០រូបទៀត។ ប៉ុន្តែសមត្ថកិច្ចតែងតែឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃទាំងនោះជាបន្តបន្ទាប់រួមមាននៅខេត្តកំពតពីរករណី នៅខេត្តតាកែវមួយករណី នៅខេត្តកំពង់ធំមួយករណី នៅខេត្តសៀមរាបពីរករណី និងនៅភ្នំពេញពីរករណី និងនៅខេត្ដកំពង់ស្ពឺមួយកណីចុងក្រោយនេះ។ ទោះជាយ៉ាងណា ក្រុមមន្ដ្រីបក្សប្រឆាំងដែលរងការរារាំងទាំងនោះនៅតែអះអាងថាខ្លួននៅតែបន្ដដើរប្រមូលស្នាមមេដៃបន្ដទៀត៕












