អគ្គនាយក​ប៊ុណ្ណារៀល​ធី​គ្រុបត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹងការ​ចេញ​សែក​អត់​លុយ

អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប លោក ស៊ឹង ប៊ុណ្ណា(រូបថតពីហ្វេសប៊ុក​របស់​លោក​)

អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប លោក ស៊ឹង ប៊ុណ្ណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃសុក្របញ្ជូនមកតុលាការរាជធានីភ្នំពេញ ហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ករណីចេញសែកអត់លុយ។

ក្នុងពេលលោកកំពុងនៅតុលាការ លោក ស៊ឹង ប៊ុណ្ណា អាចនិយាយទូរស័ព្ទបាន ដោយលោកបានប្រាប់វីអូឌីនៅរសៀលនេះថាលោកត្រូវសមត្ថកិច្ចចុះមកឃាត់ខ្លួនលោកនៅការិយាល័យធ្វើការរបស់កាលពីព្រឹកមិញ។ លោកពុំបានបញ្ជាក់ពីមូលហេតុដែលតុលាការឃាត់ខ្លួនលោកទេ តែនៅពេលសួរថាតើជារឿងដែលថាចេញសែកអត់លុយ លោកបានទទួលស្គាល់តែលោកថាមានរឿងវែងឆ្ងាយជាងនេះ។ លោកបន្ថែមថា៖ “តែសង្ឃឹមថាយុត្តិធម៌នៅតែមានបន្តជានិច្ចសម្រាប់ប្រជាជនកម្ពុជា។ នេះជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវឲ្យតម្លៃពីយុត្តិធម៌និងច្បាប់ហើយ”។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី លោក លី សុផាន់ណា បានឲ្យវីអូឌីដឹងថាអយ្យការអមសាលាដំបូងបានសម្រេចចោទលោក ស៊ឹង ប៊ុណ្ណា ទៅលើករណីដែលលោកបានចេញសែកអត់សាច់ប្រាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រត្តិបត្តិការទូទាត់បាន។ លោកបន្តថានៅពេលនេះអយ្យការបានសម្រេចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។

ករណីលោក ប៊ុណ្ណា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថាលោកត្រូវបានប្តឹងដោយលោក កែវ ហ៊ុន ដោយសារតែលោកបានចេញសែកអត់លុយចំនួន៤០ម៉ឺនដុល្លារដល់លោកកែវ ហ៊ុន។

វីអូឌីមិនអាចទាក់ទងលោក កែវ ហ៊ុន បានដើម្បីសុំការបញ្ជាក់បាននៅឡើយទេ។

បន្ទាប់ពីការឃាត់ខ្លួន ភរិយារបស់លោក ប៊ុណ្ណា អ្នកស្រី សន សុម៉ាលី បានសរសេរនៅលើហ្វេសបុករបស់អ្នកស្រីថាប្តីរបស់អ្នកស្រីត្រូវបានឃាត់ខ្លួននៅព្រឹកនេះនៅវេលាម៉ោងប្រមាណ១០ព្រឹក ក្នុងករណីចេញសែកគ្នាទឹកប្រាក់។ អ្នកស្រីមានប្រសាសន៍ថា៖ “ភាពស្មោះត្រង់ មិនបោកប្រាស់ មិនដែលចង់បានរបស់គេ មានតែចិញ្ចឹមនិងផ្តល់កំណើតអោយគេដុះដាល តែអ្វីដែលបានត្រឡប់មកវិញគឺកូនក្រពើ។ … ពួកយើងមិនចេះលេងល្បែងបាប យើងដឹងតែរក រកមិនទំនេរ តើក្រុមហ៊ុនយើងអាចខាតទៅរួចទេ បើមិនមានរឿងពីក្រោយខ្នង? ការលាបពណ៌គឺជារឿងគួរអោយខ្លាចបំផុត។ ខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំគ្មានអ្វីទៀតទេ ហើយខ្ញុំមិនមានប្រាក់សល់រាប់រយលានដូចអស់លោកគិតដែរ ផ្ទះសម្បែងរបស់ខ្ញុំបានបាត់អស់ហើយ ហើយខ្ញុំក៏មិនបន្ទោសអ្នកណាដែរគឺមកពីភាពល្ងង់ខ្លៅនិងជឿជាក់លើអ្នកដទៃ ដោយគិតថាគេជាមនុស្សល្អដូចយើង”។

បើតុលាការរកឃើញថាលោកមានកំហុស លោកនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួន២លានរៀលដល់៦លានរៀលនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ