ឥណ្ឌា​កាត់ទោស​បុរស​ប្រាំ​នាក់​ដាក់​គុក​មួយជីវិត​ក្នុង​ករណី​រំលោភ​ស្ត្រី​ជនជាតិ​ដា​ណឺ​ម៉ាក​

តុលាការមួយនៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានកាត់ទោសបុរស ៥នាក់ ឲ្យជាប់គុកអស់មួយជីវិត ចំពោះបទល្មើសរំលោភបូកទៅលើស្ត្រីជនជាតិដាណឺម៉ាកម្នាក់ កាលពីឆ្នាំ២០១៤កន្លងមក។

ស្ត្រីភ្ញៀវទេសចរវ័យ ៥២ឆ្នាំរូបនោះ ត្រូវបានគេភ្ជង់ប្លន់ និងរំលោភកាលពីខែមករា ឆ្នាំ២០១៤កន្លងមក។

សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្ស៩នាក់ ក្នុងនោះមានកូនក្មេង ៣នាក់ ត្រូវបានអាជ្ញាធរឥណ្ឌាចាប់ខ្លួនចំពោះការប្រព្រឹត្តបទល្មើសនេះ។ ជនជាប់ចោទម្នាក់ បានស្លាប់ ខណៈកូនក្មេងទាំង ៣នាក់ ត្រូវបានវិនិច្ឆ័យទោសនៅក្នុងតុលាការអនីតិជន។

បទល្មើសរំលោភផ្លូវភេទនៅឥណ្ឌា បានកើនឡើងចាប់តាំងមានការរំលោភបូក និងសម្លាប់និស្សិតម្នាក់ នៅលើរថយន្តក្រុង ក្នុងទីក្រុងដេលី កាលពីឆ្នាំ២០១២។

បុរសទាំង ៥នាក់នោះ មានសិទ្ធិប្ដឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ទៀត ប្រឆាំងនឹងការកាត់ទោសនេះ។

ភ្ញៀវទេសចរជនជាតិដាណឺម៉ាក បានរង្វេងផ្លូវត្រឡប់ទៅសណ្ឋាគាររបស់គាត់នៅតំបន់ប៉ាហាហ្កាន នៅពេលគាត់ដើរទៅសួររកផ្លូវពីបុរសទាំងនោះ។

ស្ត្រីរងគ្រោះ បានរៀបរាប់លម្អិតដល់ប៉ូលិស អំពីអ្វីដែលបានកើតឡើងចំពោះគាត់ មុននឹងគាត់ចាកចេញពីប្រទេសឥណ្ឌា ក្រោយរងការរំលោភបំពាន។

ករណីរំលោភបូកនៅឆ្នាំ២០១២ បាននាំឲ្យផ្ទុះការតវ៉ានានា និងការបង្កើតច្បាប់ថ្មីប្រឆាំងនឹងបទល្មើសរំលោភផ្លូវភេទ នៅក្នុងប្រទេសឥណ្ឌា។

ទោះជាយ៉ាងណា ការរំលោភបំពានផ្លូវភេទឃោឃៅប្រឆាំងស្ត្រី និងកុមារ នៅតែត្រូវបានគេរាយការណ៍ថាបន្តកើតមាននៅទូទាំងប្រទេសឥណ្ឌា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ