សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាលបន្ធូ​រការ​រឹតបន្តឹង​សិទ្ធិ​ប្រើប្រាស់​អុិន​ធើ​ណិត

វេទិការ​«យុគសម័យអ៊ិនធើណិត និងសិទ្ធិមនុស្ស»​នៅព្រឹកនេះ(រូបថត៖ កញ្ញា កាន់ វិច្ឆិកា)

ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលបន្ធូរបន្ថយលើការរឹតបន្តឹងសិទ្ធិប្រើប្រាស់ និងបញ្ចេញមតិលើអុិនធើណិត ដើម្បីផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចប្រកួតប្រជែងបច្ចេកវិទ្យា សេដ្ឋកិច្ច និងការប្រើប្រាស់អុិនធើណិតក្នុងពិភពលោក។

នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ អង្គការសង្គមស៊ីវិលចំនួន៥ ក្នុងនោះមានបណ្តាញយុវជន (YCC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមធាងត្នោត (STT) អង្គការអាក់ស៊ិនអេដ និងអង្គការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានសហការគ្នារៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំមួយជាលើកទី២ពិភាក្សាលើប្រធានបទស្តីពី«យុគសម័យអុិនធើណិត និងសិទ្ធិមនុស្ស» នៅសាលារៀនអន្តរជាតិមួយ ក្នុងរាជធានីភ្នំពេញ។

លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍លើកឡើងថា ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បីបង្ហាញពីសារសំខាន់នៃបច្ចេកវិទ្យាថ្មី តាមរយៈអុិនធើណិតក្នុងការជួយជំរុញដល់ការអភិវឌ្ឍសង្គម និងលើកស្ទួយសិទ្ធិមនុស្ស។ លោកថា ព្រឹត្តិការណ៍នេះបង្កើតឡើងក្រោយពីការគំរាមកំហែងចាប់ខ្លួនយុវជនបញ្ចេញទស្សនៈតាមប្រព័ន្ធអុិនធើណិតក្នុងពេលកន្លងមក មានការកើតឡើងហើយយុទ្ធនាការមួយចំនួនត្រូវបានហាមឃាត់ជាដើម។

លោកមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋមិនបន្តការរឹតបន្តឹង ហើយនៅពេលឆាប់ៗ គឺមានការបោះឆ្នោតអំឡុងឆ្នាំ២០១៧-២០១៨ ក៏ដោយ បន្តនូវការបើកសិទ្ធិសេរីភាព ហើយបន្តនូវការអនុវត្តច្បាប់ ចេញច្បាប់ក៏ដោយ ក៏សូមកុំឲ្យកាន់តែរឹតបន្តឹងដូចសព្វថ្ងៃ ឬក៏បង្កលក្ខណៈភាពងាយស្រួលដល់យុវជន ដល់ក្រសួង ឬក៏ជាពិសេសគឺអ្នកដែលប្រើប្រាស់ហ្នឹងឲ្យមានឱកាសក្នុងការប្រកួតប្រជែងថ្នាក់ពិភពលោកផងដែរ»

នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង មានប្រសាសន៍ថា សព្វថ្ងៃការគំរាមកំហែងការប្រើប្រាស់អុិនធើណិត កើតឡើងជាប្រព័ន្ធ ដែលលោកថា ការគំរាមកំហែងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។

លោកមានប្រសាសន៍បន្ថែមថា៖ ទី១ វាធ្វើឲ្យអ្នកប្រើប្រាស់ខ្លាចអត់សូវហ៊ានបញ្ចេញមតិ ហើយកាលណាមនុស្សខ្លាចអត់សូវហ៊ានបញ្ចេញមតិវាកាន់តែធ្វើឲ្យអ្នកប្រព្រឹត្តអំពើពុករលួយ ឬក៏អ្នករំលោភច្បាប់ហ្នឹងកាន់តែជិះសេះលែងដៃ។ ហើយទី២ កាលណាមនុស្សខ្លាចច្រើនព័ត៌មានពិតមួយចំនួន ឯកសារពិតមួយចំនួនដែលវាពាក់ព័ន្ធនឹងអំពើពុករលួយ ពាក់ព័ន្ធនឹងការខាតបង់ប្រយោជន៍សាធារណៈ ដោយសារតែការខ្លាចមនុស្សអត់សូវហ៊ានបញ្ចេញតាមប្រព័ន្ធអុិនធើណិត ដល់មនុស្សអត់ហ៊ានបញ្ចេញ អ្នកប្រព្រឹត្តហ្នឹងអ្នកដែលជាជនល្មើសហ្នឹងកាន់តែបានដៃ

ចំណែកនិស្សិតជាជនជាតិដើមភាគតិចមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កញ្ញា ព្លៀវ អង្គា លើកឡើងថា ការបញ្ចេញមតិតាមប្រព័ន្ធអុិនធើណិត ធ្វើឲ្យប្រជាពលរដ្ឋអាចបង្កើនចំណេះដឹងកាន់តែច្រើន ប៉ុន្តែ កញ្ញាថា ការបញ្ចេញមតិពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ កញ្ញាសំណូមពរឲ្យមានការប្រើប្រាស់ប្រព័ន្ធអុិនធើណិត មានការបើកទូលាយ ដើម្បីប្រជាពលរដ្ឋមានចំណេះដឹងកាន់តែទូលំទូលាយពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

បើតាមក្រុមអង្គការសង្គមស៊ីវិល អ្នកដែលមានលទ្ធភាពប្រើប្រាស់អុិនធើណិត អាចក្លាយជាអ្នកសារព័ត៌មានប្រចាំមូលដ្ឋាន ដើម្បីជួយជំរុញការអភិវឌ្ឍជាតិ និងជំរុញការគោរពសិទ្ធិមនុស្ស ដោយគ្រាន់តែបង្ហោះរូបភាព ឬសរសេររៀបរាប់ពីព្រឹត្តិការណ៍ ដែលពួកគេបានជួបប្រទះ ដូចជា ការរំលោភដីធ្លី រំលោភសិទ្ធិការងារ អំពើពុករលួយ អភិបាលកិច្ចជាដើម ឲ្យសាធារណជន និងរដ្ឋាភិបាលបានដឹង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម និងតាមកម្មវិធីបច្ចេកវិទ្យាទំនើបផ្សេងៗទៀតបាន។

ប៉ុន្តែសង្គមស៊ីវិល បានព្រមានថា ពួកគេអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ បើអ្នកប្រើប្រាស់អុិនធើណិត ទាំងនោះ ប្រើពាក្យអសុរស ជេប្រមាថគ្នា ឬបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត។

ជាការកត់សម្គាល់មកដល់ពេលនេះ មានយុវជនយ៉ាងតិច៣នាក់ហើយ ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ ដោយសារតែពួកគេរងការចោទថា បានសរសេរសារគំរាមមន្ត្រីរដ្ឋាភិបាល តាមបណ្តេញសង្គមហ្វេសប៊ុក។

បើតាមអង្គការសង្គមស៊ីវិល បានអះអាងថា មកដល់ពេលនេះចំនួនអ្នកប្រើប្រាស់អុិនធើណិតមានជិត ៣លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ