គណៈកម្មាធិការសិទ្ធិមនុស្ស​រដ្ឋាភិបាលការពារ​ចំណាត់ការ​តុលាការ​លើ​លោក កឹម សុខា និង​មន្ត្រី​សិទ្ធិមនុស្ស​

គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានការពារចំណាត់ការរបស់តុលាការ ទៅលើអ្នកការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងមេបក្សប្រឆាំង លោក កឹម សុខា ដោយអះអាងថា ជាវិធានច្បាប់ មិនរំលោភសិទ្ធិមនុស្ស ដូចមជ្ឈដ្ឋានមួយចំនួនបានរិះគន់នោះទេ។

មនុស្ស ១៩នាក់ ក្នុងនោះមានតំណាងរាស្ត្រ ២រូប មន្ត្រីការពារសិទ្ធិមនុស្ស ៤រូប មន្ត្រីរៀបចំការបោះឆ្នោត ១រូប និងសកម្មជននយោបាយជាច្រើននាក់ទៀត ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនជាបន្តបន្ទាប់ ខណៈដែលលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការចាប់ខ្លួនពីសមត្ថកិច្ច។

ចំណាត់ការរបស់តុលាការប្រឆាំងនឹងមនុស្សទាំងនោះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបានទាមទារឲ្យដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញ។

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចាប់ផ្ដើមវប្បធម៌សន្ទនាឡើងវិញ និងបញ្ចប់នូវអ្វីដែលលោកចាត់ទុកជា«ធ្វើទុកបុកម្នេញ» ព្រមទាំងធានានូវការគោរពសិទ្ធិមនុស្ស។

ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែមិថុនា គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានលើកឡើងថា ចំណាត់ការរបស់តុលាការទៅលើមន្ត្រីសិទ្ធិទាំងនោះ ដោយសារតែអង្គភាពប្រឆាំងអំពើពុករលួយមានភស្តុតាងរឹងមាំ បង្ហាញថា ពួកគេបានប្រព្រឹត្តបទល្មើសក្នុងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។

ចំណែក ករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានអះអាងថា បានប្រព្រឹត្តបទល្មើសជាក់ស្តែង បន្ទាប់ពីមេបក្សប្រឆាំងរូបនោះ មិនចូលទៅបំភ្លឺក្នុងនាមជាសាក្សី នៅតុលាការតាមដីកាកោះ ក្នុងសំណុំរឿងសញ្ចារកម្ម ឬការជួញដូរផ្លូវភេទនោះ។

គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល បានចោទប្រកាន់ អ្នករិះគន់នៅក្នុងប្រទេស និងក្រៅប្រទេសវិញថា បានបំភ្លៃការពិត ក្នុងបំណងធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ បានប្រកាសជំហថា នឹងបន្តគាំទ្រ និងលើកទឹកចិត្តឲ្យមានការពង្រឹងការអនុវត្តច្បាប់ករណីនេះ។

មន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត ១រូប ត្រូវអង្គភាពប្រឆាំងពើពុករលួយ ចាប់ខ្លួនក្រោយមកតុលាការ បានសម្រេចឲ្យឃុំខ្លួន កាលពីដើមខែឧសភា កន្លងមក ក្រោមការចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី នៅក្នុងករណី ខុម ចាន់តារ៉ាទី ដែលទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។

រីឯលោក កឹម សុខា កំពុងប្រឈមមុខនឹងការតាមចាប់ខ្លួនពីសមត្ថកិច្ច បន្ទាប់ពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់ ទាក់ទិននឹងសំណុំរឿងនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ