ក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុបបានប្រកាសពីការបន្តការងារនិងសេវាកម្មរបស់ខ្លួន បើទោះបីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ខ្លួន លោក ស៊ឹង ប៊ុណ្ណា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ករណីចេញសែកអត់លុយ។
អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប លោក ស៊ឹង ប៊ុណ្ណា កាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ន តាមបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់។
បន្ទាប់ពីអគ្គនាយកនៃក្រុមហ៊ុននេះត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រុមហ៊ុនប៊ុណ្ណារៀលធីបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១១ខែមិថុនា ពីការបន្តការងារនិងសេវាកម្មរបស់ខ្លួនជាប្រក្រតី បើទោះបីជាអវត្តមានអគ្គនាយកនៃក្រុមហ៊ុននេះក៏ដោយ។ លិខិតឲ្យដឹងដែរថា៖“ក្រុមហ៊ុនយើងខ្ញុំជាក្រុមហ៊ុនដែលមានរចនាសម្ព័ន្ធនិងឋានានុក្រមត្រឹមត្រូវនិងច្បាស់លាស់ក្នុងការគ្រប់គ្រងនិងបំពេញកិច្ចការងារ។ ដូច្នេះការអវត្តមានរបស់លោកប្រធានក្រុមប្រឹក្សាភិបាលមិនមានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុបខូអិលធីឌី ឡើយ”។
ទាក់ទងទៅនឹងការឃុំខ្លួនលោកស៊ឹង ប៉ុណ្ណា លោកមេធាវី ជាវ តុលា ដែលបានការពារក្តីឲ្យរូបលោកមានប្រសាសន៍ថាលោក ប៊ុណ្ណា បានសារភាពថាលោកពិតជាបានចេញសែកដែលអត់មានលុយនៅក្នុងនោះមែន តែលោកបដិសេធមិនធ្វើការអធិប្បាយបន្តទៀតទេ ដោយលោកថាត្រូវការពេលដើម្បីស្រាវជ្រាវសំណុំរឿងនេះ។ លោកបន្តថានៅពេលនេះលោកកំពុងត្រៀមរៀបចំឯកសារដាក់ពាក្យសុំឲ្យលោក ប៊ុណ្ណា នៅក្រៅឃុំ។
ករណីលោក ប៊ុណ្ណា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថាលោកត្រូវបានប្តឹងដោយលោក កែវ ហ៊ុន ដោយសារតែលោកបានចេញសែកអត់លុយចំនួន៤០ម៉ឺនដុល្លារដល់លោកកែវ ហ៊ុន។
ទាក់ទងទៅនឹងពាក្យប្តឹងនេះ លោកប៊ុណ្ណាបានប្រាប់វីអូឌីកាលពីថ្ងៃសុក្រថានីតិវិធីរបស់តុលាការធ្វើគឺត្រឹមត្រូវ តែលោកថាប្រសិនបើចង់ស្រាវជ្រាវគួរតែស្រាវជ្រាវទៅលើជីវិតរបស់លោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយទើបរកឃើញ។ លោកមានប្រសាសន៍ថា៖ “ការចោទប្រកាន់វាជារឿងត្រឹមត្រូវដោយសារសាច់រឿង សេចក្តីបញ្ចប់នៃសាច់រឿងវាដល់កន្លែងហ្នឹងអញ្ចឹងអ្វីដែលតុលាការធ្វើគឺត្រូវហើយ មានន័យថាភស្ភុតាងគឺយើងមានចុងសន្លឹកសែក គាត់មានកិច្ចសន្យាមានអីវាត្រូវតែអញ្ចឹងហើយ។ តែចំពោះចំណុចយុត្តិធម៌ថាសម្រាប់ក្នុងជីវិតខ្ញុំក្នុងរយៈ៥ឆ្នាំចុងក្រោយ អាហ្នឹងមូលហេតុអីអាហ្នឹងពីក្បាលរឿងមកបានត្រូវនិយាយ តែយើងអត់មានអីត្រូវនិយាយទេដល់ដំណាក់កាលនេះ។ … បើចង់តវ៉ាទាល់តែចាំស្រាវជ្រាវ មិនមែនស្រាវជ្រាវឥឡូវ មិនមែនស្រាវជ្រាវលើសែកឬក៏អីទេ ស្រាវជ្រាវលើជីវិតរបស់ខ្ញុំរយៈពេល៥ឆ្នាំកន្លងមកអាហ្នឹងបានរកឃើញ”។
បើតុលាការរកឃើញថាលោកមានកំហុស លោកនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួន២លានរៀលដល់៦លានរៀលនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ៕