លោក កឹម សុខា ឲ្យ​មេធាវីចូលទៅតុលាការ​ជំនួសរូបលោក​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ក្រុមសមាជិកសភាគណបក្សសង្រោះជាតិប្រកាន់ជំហរមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅតុលាការនៅថ្ងៃស្អែកនេះ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ ប៉ុន្តែថានឹងចាត់តាំងឲ្យមេធាវីទៅជួបចៅក្រមស៊ើបសួរជំនួសវិញ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានឲ្យដឹងថាលោក កឹម សុខា នឹងមិនចូលខ្លួនទៅតុលាការនៅថ្ងៃអង្គារស្អែកនេះទេ តែថាបានប្រគល់សិទ្ធិឲ្យក្រុមមេធាវីចូលទៅកាន់តុលាការតាមកាលបរិច្ឆេត ដើម្បីនាំយកលិខិតជូនដំណឹងអំពីមូលហេតុសមស្របនៃការមិនអាចចូលខ្លួនរបស់លោក កឹម សុខានិងលិខិតស្នើសុំដែលជាសារណារបស់ក្រុមមេធាវីទៅជូនចៅក្រមស៊ើបសួរដោយផ្ទាល់។

នៅព្រឹកថ្ងៃចន្ទនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅស្នាក់ការបក្សចាក់អង្រែលើថាសមាជិកសភារបស់ខ្លួនមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅតុលាការនោះទេ ដោយថាលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភា។ លោកបន្តថាបើតុលាការចង់ឲ្យលោក កឹម សុខា ចូលបំភ្លឺលុះណាតែរដ្ឋសភាលើកអភ័យឯកសិទ្ធិលោក កឹម សុខា ជាមុនសិន។ លោកបន្ថែមថា៖ “បើតុលាការចត់ឲ្យឯកឧត្តមកឹម សុខា ទៅឆ្លើយបំភ្លឺដរាបណារដ្ឋសភាលើកអភ័យឯកសិទ្ធិរបស់លោកសិន ហើយទន្ទឹមហ្នឹងដែរឯឧត្តម កឹម សុខា នឹងចាត់តាំងឲ្យមេធាវីរបស់លោកទៅជួបចៅក្រមស៊ើបសួរ ដើម្បីផ្តល់នូវលិខិតជូនដំណឹងអំពីមូលហេតុសមស្រមដែលលោកមិនទៅ និងផ្តល់នូវសារណារបស់មេធាវីជូនដល់ចៅក្រមស៊ើបសួរ អាហ្នឹងនៅថ្ងៃស្អែក”

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថាដោយសារតែលោក កឹម សុខា មានអភ័យឯកសិទ្ធិ សភា នោះលោកថា លោក កឹម សុខា អាចមិនចូលទៅបំភ្លឺនៅតុលាការបាននិងអាចចាត់ឲ្យមេធាវីទៅចំនួសដើម្បីប្រាប់មូលដល់ចៅក្រមស៊ើបសួរ។ ចំពោះករណីមិនចូលខ្លួនតាមការបង្គាប់របស់ចៅក្រមនេះ លោកថាតាមច្បាប់លោក កឹម សុខា ក៏មិនអាចត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ។ លោកបន្ថែមថា៖ “បើចាប់ខ្លួនត្រូវដកអភ័យឯកសិទ្ធិ បើអ៊ីចឹងមានតែចាប់ឆៅ បើរឿងថាគេចាប់បានអាហ្នឹងគេចាប់ៗហើយ”

គួរបញ្ជាក់ថាកាលពីចុងខែឧសភា អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភានិងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោក កឹម សុខា សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ