ពលករ-ពលការិនីខ្មែរ៦នាក់ដែលក្រសួងការបរទេសថារងគ្រោះដោយសារចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសម៉ាឡេ ស៊ី ត្រូវបានជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញថ្ងៃទី១៣ខែមិថុនា ក្រសួងការបរទេសបានឲ្យដឹងថាពលករ-ពលការិនីខ្មែរទាំង៦នាក់ជួបប្រទះការលំបាកក្នុងការងារមានឈ្មោះសុត ជូឡាង អេន ឱន យុន ពុទ្ធី ឡុញ សុភាព ម៉ើ ស្រៀង សុះ សាលីស ដែលពួកគេចូលទៅធ្វើការនៅប្រទេសនេះតាមរយៈមេខ្យល់និងតាមរយៈក្រុមហ៊ុនតាំងពីឆ្នាំ២០១៥និង២០១៦។ សេចក្តីប្រកាសបន្តថាដោយសារពលករ-ពលការិនី៦នាក់ជួបប្រទះការលំបាកក្នុងពេលបម្រើការងារនៅប្រទេសម៉ាឡេស៊ី ទើបស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីជួយធ្វើអន្ដរាគមន៍ចំពោះថៅកែដែលមិនគោរពតាមកិច្ចសន្យានិងបានបង់ប្រាក់ពិន័យដល់រដ្ឋាភិបាលម៉ាឡេស៊ីនិងបានទិញសំបុត្រយន្ដហោះឲ្យពួកគេបានវិលត្រឡប់មកកម្ពុជាវិញ។
ក្រសួងបានបញ្ជាក់ថាក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិងការហូបចុកដល់ពលករ-ពលការិនីទាំង៦នាក់។ ក្រសួងឲ្យដឹងទៀតថាពលការិនី សុះ សាលីស បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា។ ចំណែកពលករ-ពលការិនីទាំង៥នាក់ទៀត បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១២ ខែមិថុនា។
កាលពីពេលថ្មីៗ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបង្កើនយកប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានឲ្យវីអូឌីដឹងថារាល់ការបញ្ជូនពលករទៅម៉ាឡេស៊ីគឺអាស្រ័យទៅលើភាគីក្រុមហ៊ុនម៉ាឡេស៊ីនិងពលករខ្មែរផ្ទាល់។ លោកមានប្រសាសន៍ថា៖ យើងអត់មានការបិទទេ ហើយវាអាស្រ័យទៅលើតម្រូវការនៅប្រទេសម៉ាឡេស៊ីហើយនិងការស្ម័គ្រចិត្ដទទួលយកលក្ខខណ្ឌដែលផ្ដល់ដោយប្រទេសម៉ាឡេស៊ី អ្វីដែលជាការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលគឺជាការបើកផ្លូវតែក៏វាអាស្រ័យទៅលើការស្ម័គ្រចិត្ដនៃភាគីពីរទី១គឺនិយោជកម៉ាឡេស៊ីតើគាត់បើកប្រាក់ខែឲ្យយើងប៉ុន្មាន ហើយបងប្អូនយើងពិនិត្យមើលទៅថាប្រាក់ខែនឹងវាល្អជាងនៅកម្ពុជាអត់បើបងប្អូនជ្រើសរើសថាល្អជាងអាហ្នឹងប្រហែលជាការចេញទៅធ្វើការនឹងប្រហែលជាបានច្រើន ប៉ុន្ដែបើសិនបងប្អូនគិតថាលក្ខខណ្ឌការងារនៅទីនោះមិនមានអ្វីប្លែកពីក្នុងប្រទេសយើងទេ គាត់មិនចេញទៅហ្នឹងគឺជាការសម្រេចចិត្ដរបស់បងប្អូនផ្ទាល់”៕