បុរសបីនាក់ទៀតត្រូវតុលាការផ្ទន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំ ករណីហិង្សានៅក្បែរទីលានប្រ​ជាធិបតេយ្យ

បដាព្យួួរខាងមុខទីស្នាក់ការគណបក្ស​សង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ ដោយ​មានឈ្មោះ​បុរសបីនាក់ដែលត្រូវបានតុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំផងដែរ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះបានសម្រេចឲ្យបុរសបីនាក់ជាប់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ ក្រោមបទចោទចូលរួមកុបកម្មកាលពីខែកក្កដា ឆ្នាំ២០១៤ នៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងការតវ៉ាមួយដែលគណបក្សសង្គ្រោះជាតិទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ។

អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីថ្ងែទី៤និងទី៥ ខែសីហា ឆ្នាំ២០១៥និងត្រូវចៅក្រមស៊ើបសួរសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។

ប្រធានចៅក្រមជំនុំជម្រះលោក ម៉ុង មុនីសោភា បានប្រកាសសាលក្រមភ្លាមៗបន្ទាប់ពីបានចូលដល់ក្នុងបន្ទប់សវនាការនៅម៉ោងប្រហែល៩ព្រឹកថាជនជាប់ចោទ រឿន ចិត្រា យន់ គឹមហួននិងយា ថុង ត្រូវតុលាកាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំពីបទចូលរួមក្នុងកុបកម្ម។

ក្រោយពីការប្រកាសក្រម លោក រឿន ចិត្រា បាននិយាយឭៗក្នុងបន្ទប់សវនាការថាវាជារឿងអយុត្តិធម៌សម្រាប់ពួកលោក ដោយថាតុលាការបានផ្តន្ទាទោសពួកគាត់ធ្ងន់ធ្ងរជាងអ្នកដែលបានវាយអ្នកតំណាងរាស្រ្តដែលចៅក្រមសម្រេចឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ តែត្រូវព្យួរទោស៣ឆ្នាំ។ ជាមួយគ្នានោះដែរ ពេលសមត្ថកិច្ចយកពួកគេចេញពីបន្ទប់សវនាការ ពួកគេខ្លះស្រែកថា៖“តុលាការខ្មែរគ្មានយុត្តិធម៌ និងគ្មានតម្លាភាព…ដូចល្ខោនដែលគេរៀបចំ”

ក្នុងសវនាកាកន្លងទៅលោក រឿន ចិត្រា និងលោក យន់ គឹមហួរ ប្រាប់ចៅក្រមថាពួគេបានវាយតបជាមួយសន្តិសុខ បន្ទាប់ពីសន្តិសុខខណ្ឌដូនពេញនោះវាយពួកគាត់មុន។ ចំណែក លោក យា ថុង ប្រាប់ចៅក្រមថាខ្លួនមិនមែនជាអ្នកចូលរួមតវ៉ាអ្វីនោះទេ ដោយថានៅថ្ងៃកើតហេតុ ខ្លួនបានឌុបប្រពន្ធឆ្លងកាត់កន្លែងកើតហេតុនិងបានចុះថតរូបសកម្មភាពហិង្សានោះប៉ុណ្ណោះនិងថាខ្លួនបានជួយសន្តិសុខម្នាក់ដែលរងរបួសកុំឲ្យគេវាយដំទៀតផង។

ម្តាយរបស់លោក យន់ គឹមហួរ គឺ អ្នកស្រី សន សុខុម រៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកសារព័ត៌មានថាការសម្រេចសេចក្តីរបស់តុលាការនេះមានលក្ខណៈធ្ងន់ធ្ងរសម្រាប់កូនប្រុសរបស់អ្នកស្រី។ អ្នកស្រីថាកូនអ្នកស្រីមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។ អ្នកស្រីបន្ថែមថា៖ “អត់មានទេអត់មានយុត្តិធម៌ដល់កូនខ្ញុំទេ ហេតុអ្វីកូនខ្ញុំអត់មានបានទៅវាយដំច្រំធាក់ទៅធ្វើបំផ្លាញអ្វីអស់លោកទេ សូមអស់លោកជួយកូនខ្ញុំផង កូនខ្ញុំគ្មានកំហុសអ្វីទេលោកអើយ ប្រាំពីរឆ្នាំយូរណាស់…លោកអើយលោកជួយមើលកូនចៅផងលោក”

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនបានដឹកនាំការតវ៉ាមួយនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យឡើងវិញនិងមានហិង្សាកើតឡើងរវាងអ្នកចូលរួមការតវ៉ានិងសន្តិសុខខណ្ឌដូនពេញ។ ក្នុងរណីនេះ លោក មាជ សុវណ្ណារ៉ានិងសក្មជនគណបក្សសង្គ្រោះជាតិ១០រូបផ្សេងទៀតត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសកាលពីខែសីហាឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំពីបទចូលរួមនិងដឹកនាំកុបកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ