សមត្ថកិច្ចរាប់រយនាក់ នៅព្រឹកថ្ងៃអង្គារនេះ បានត្រៀមខ្លួននិងដាក់រនាំងដែកក្នុងសង្កាត់ចាក់អង្រែលើនិងក្រោម ចំថ្ងៃដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិត្រូវចូលខ្លួនទៅតុលាការ។
ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។
លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូល ជំនួស។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយកាលពីយប់អធ្រាត្រថាសមត្ថកិច្ចបានដាក់រនាំងដែកនៅតាមចិញ្ចើមផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ចន្លោះស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ សមត្ថកិច្ចរាប់រយនាក់ត្រូវបានដាក់យាមកាមនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីវត្តចាក់អង្រែក្រោម តាមផ្លូវលេខ៦០ ផ្លូវទៅបឹងត្របែក។ ចំណែកនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ មនុស្សប្រមាណ៣០០នាក់កំពុងតែជួបជុំគ្នានៅទីនោះ។
រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថាតើការដាក់កម្លាំងសមត្ថកិច្ចដើម្បីត្រៀមចាប់ខ្លួនលោក កឹម សុខាឬយ៉ាងណា? វីអូឌីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បាននៅឡើយទេ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថានឹងមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិព្រមានធ្វើបាតុកម្មអហិង្សាមួយប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា។
កាលពីថ្ងៃចន្ទ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថាខ្លួនបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។ គណបក្សនៅមិនទាន់កំណត់ពេលជាក់លាក់ណាមួយសម្រាប់យកញត្តិដែលមានស្នាមមេដៃជាង២៣ម៉ឺននេះទៅថ្វាយព្រះមហាក្សត្រនៅឡើយទេ៕ រាយការណ៍ដោយ លោក ញឹម សុខន លោក ហេង វិចិត្រនិងលោក ស៊ុន ណារិន