បក្សប្រឆំាងថាអាល្លឺម៉ង់ព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា

លោក កឹម សុខា និង​លោក Gerd Müller រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ (រូបភាពហ្វេសប៊ុក លោក កឹម សុខា)

គណបក្សសង្គ្រោះជាតិឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា     ខណៈ តំណាង រាស្ត្រ បក្សប្រឆំាង រួមទាំងលោក កឹម សុខា ជាប់បណ្ដឹងនៅតុលាការ និងមន្ត្រីសិទ្ធិមនុស្សមួយចំនួន កំពុងជាប់ឃុំនៅ ពន្ធនាគារ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងបែបនេះក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបរវាងលោក កឹម សុខា ជាមួយលោក Gerd Müller រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃពុធនេះ ក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជា។

លោក យឹម សុវណ្ណថ្លែងទៀតថា គណបក្សសង្គ្រោះជាតិបានស្នើទៅអាល្លឺម៉ង់ថាគួរតែមានការប្រជុំអន្តរជាតិមួយ ដោយមានការចួលរួមទំាងបក្សប្រឆំាង បក្សកាន់អំណាច និងភាគីអន្តរជាតិចូលរួមផងដែរ ដើម្បីដឹង ឮពីវិបត្តិនយោបាយនៅកម្ពុជា ជាអន្តរជាតិ។ ប៉ុន្តែលោកថា អាល្លឺម៉ង់ សន្យាយកបញ្ហានេះទៅប្រាប់ដៃគូ អន្តរជាតិទំាង២៨ប្រទេសនៅក្នុងសហភាពអឺរ៉ុបឲ្យជួយអន្តរាគមន៍មកកម្ពុជា។

លោកបន្ថែមថា៖ ប្រទេសអាល្លឺម៉ង់កំពុងតាមដាននូវស្ថានការណ៍នយោបាយដែលរងភាពគ្រោះថ្នាក់នេះនៅកម្ពុជា ដោយថាសិទ្ធិមនុស្សនិងសិទ្ធិបក្សប្រឆំាងត្រូវបានការពារ។ អាល្លឺម៉ង់ បានសន្យាថាគាត់នឹងពាំនាំនូវអ្វីដែលគាត់បានជួប គាត់បានឃើញ គាត់បានទទួលបានព័ត៌មានពីគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សកាន់អំណាចទៅជម្រាបជួនបណ្តាប្រទេស២៨ក្នុងសហគមន៍អឺរ៉ុប”។

មន្ត្រីបក្សប្រឆំាងរូបនោះមានជំនឿថា យន្តការអន្តរជាតិដែលអាល្លឺម៉ង់សន្យានោះនឹងមានប្រសិទ្ធិភាព។

លោក Gerd Moller ក៏បានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ នៅថ្ងៃនេះ។

បើតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់នៅកម្ពុជាពេលនេះ គឺទី១ ដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ និងទី២ គឺដើម្បីជួបជាមួយគណបក្សប្រឆាំង ដើម្បីស្វែងយល់ពីស្ថានការណ៍ពិតប្រាកដ។

នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី បានសរសេរថា លោក ហ៊ុន សែន បានប្រាប់លោក Gerd Müller ថា បុគ្គលដែលធ្វើខុស គឺមិនត្រូវយកអង្គការចាត់តាំងនយោបាយ ឬយកអង្គការក្រៅរដ្ឋាភិបាល មកធ្វើជាអាវក្រោះការពារខ្លួននោះទេ។

ថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា និងបានជំរុញឲ្យគណបក្សទាំងពីរវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនយោបាយ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា បើមានការចរចាជាមួយបក្សប្រឆាំង លោកថានឹងមិនជជែកពីការដោះលែងអ្នកជាប់ឃុំនោះទេ។

គួរបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០១៦នេះ មានមនុស្ស ១៩នាក់ ក្នុងនោះមានតំណាងរាស្ត្រ ២រូប    មន្ត្រីការពារសិទ្ធិមនុស្ស ៤រូប មន្ត្រីរៀបចំការបោះឆ្នោត ១រូប និងសកម្មជននយោបាយជាង១០នាក់ទៀត ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនជាបន្តបន្ទាប់ ខណៈដែលលោក កឹម សុខា ប្រធានស្ដីទីគណបក្ស     សង្គ្រោះជាតិ កំពុងប្រឈមនឹងការចាប់ខ្លួនពីសមត្ថកិច្ច។

ចំណាត់ការរបស់តុលាការប្រឆាំងនឹងអ្នកនយោបាយបក្សប្រឆាំង និងមន្រ្តីសិទ្ធិមនុស្សនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបានទាមទារឲ្យដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ