ក្រុមអ្នកវិភាគអះអាងថា កូរ៉េខាងជើងមានគ្រាប់បែកនុយក្លេអ៊ែរលើសពី២១គ្រាប់

រូបភាព AFP

ក្រុមអ្នកវិភាគអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើង អាចផលិតបានអាវុធនុយក្លេអ៊ែរបន្ថែម ៦ ឬច្រើនជាងនេះទៀត នៅក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដែលអាចធ្វើឲ្យរដ្ឋឯកោមួយនេះ មានគ្រាប់បែកនុយក្លេអ៊ែរជាង២០គ្រាប់។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ បានផ្អែកការវាយតម្លៃនេះទៅតាមចំនួនសារធាតុភ្លុយតូនីញ៉ូមសម្រាប់ផលិតអាវុធ និងសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ ដែលគេជឿថា ក្រុងព្យុងយ៉ាងបានផលិតវានៅឯរោងចក្រនុយក្លេអ៊ែរយ៉ុងព្យុន។

របាយការណ៍នេះ បានកើតឡើងបន្ទាប់ពីប្រមុខទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ លោក Yukiya Amano បាននិយាយកាលពីសប្ដាហ៍មុនថា កូរ៉េខាងជើងអាចដំណើរឡើងវិញនូវរោងចក្រនុយក្លេអ៊ែរនៅយ៉ុនព្យុន ដើម្បីផលិតសារធាតុភ្លុយតូនីញ៉ូមសម្រាប់ប្រើប្រាស់នៅក្នុងគ្រាប់បែក។

កាលពីចុងឆ្នាំ២០១៤កន្លងមក ស្ថាប័នអាមេរិកមួយនេះ បានវាយតម្លៃថា គ្រាប់បែកនុយក្លេអ៊ែរកូរ៉េខាងជើង អាចមានចំនួនចាប់ពី ១០ ទៅ ១៦គ្រាប់។

ស្ថាប័ននេះបន្ថែមថា ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានបន្ថែមគ្រាប់បែកនុយក្លេអ៊ែរ ៤ ទៅ ៦គ្រាប់បន្ថែមទៀត ដែលធ្វើឲ្យរដ្ឋឯកោមួយនេះ មានគ្រាប់បែកនុយក្លេអ៊ែ ២១គ្រាប់ ឬច្រើនជាងនេះ។

កូរ៉េខាងជើង បានផ្អាកម៉ាស៊ីនរ៉េអាក់ទ័រយ៉ុនព្យុននៅឆ្នាំ២០០៧ នៅក្រោមកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែ បានចាប់ផ្ដើមវាឡើងវិញ បន្ទាប់ពីមានការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនៅឆ្នាំ២០១៣។ ប្រទេសនេះ បានបន្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៤របស់ខ្លួនកាលពីថ្ងៃទី០៦ ខែមករាកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ