លោក អូបាម៉ា វាយ​ប្រហារ​ខ្លាំងៗ​លើ​សម្ដី​​ប្រឆាំង​ជន​មូស្លីម​របស់​លោក ត្រាំ

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (រូបភាពពី AFP)

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធនេះបានថ្លែងវាយប្រហារទៅលើលោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ ចំពោះសម្ដីខ្វះការពិចារណានិងសម្ដីប្រឆាំងនឹងជនមូស្លីម ដោយលោកព្រមានថា គោលនយោបាយរបស់គណបក្សនេះបង្កគ្រោះថ្នាក់និងមិនផ្ដល់ផលប្រយោជន៍ដល់អាមេរិក។

យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP លោក អូបាម៉ា បានថ្លែងទាំងទឹកមុខមានកំហឹងថា សម្ដីរិះគន់របស់គណបក្សសាធារណរដ្ឋបានបង្កឲ្យមានកំហឹងផ្ទុះឡើង ប៉ុន្តែពុំបានទប់ស្កាត់អំពើភេរវកម្មនោះឡើយ។

ការបាញ់សម្លាប់មនុស្ស ៤៩នាក់នៅឯក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងអ័រឡេនដូពីសំណាក់ជនមូស្លីមម្នាក់បានបញ្ឆេះកំហឹងបន្ថែមទៀតទៅលើការពិភាក្សាទៅលើការគ្រប់គ្រងអាវុធ អំពើភេរវកម្ម អត្តសញ្ញាណភេទ និងជំនឿ នៅអំឡុងការបោះឆ្នោតក្នុងឆ្នាំនេះ។

ការបាញ់ប្រហារដ៏បង្ហូរឈាមនេះបានជំរុញឲ្យលោក ត្រាំ រំលឹកឡើងវិញពីសំណើដ៏ចម្រូងចម្រាស់របស់លោក ក្នុងការហាមឃាត់ជនមូស្លីមមិនឲ្យចូលទឹកដីអាមេរិកសម្រាប់ហេតុផលប្រឆាំងអំពើភេរវកម្ម។

លោក អូបាម៉ា បានចោទសួរទៅលើផែនការរបស់លោក ត្រាំ ថា «តើបញ្ហានេះបញ្ចប់នៅត្រង់ណា?» ហើយលោកថ្លែងថាសម្ដីរបស់លោក ត្រាំ ជាភាសាវាយប្រហារទៅលើជនចំណាកស្រុកនិងបង្ហាញឲ្យឃើញថាសហគមន៍សាសនាទាំងមូលជាប់ទាក់ទងនឹងអំពើហិង្សា។

សាររបស់លោក អូបាម៉ា បានទទួលការគាំទ្រពីលោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខនារីប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ