បាតុកម្មនៅទីក្រុងប៉ារីសជុំវិញកំណែទម្រង់ច្បាប់ការងារបារាំងបានប្រែក្លាយជាហិង្សានៅថ្ងៃពុធនេះដោយមនុស្សយ៉ាងតិច៤០នាក់បានរបួសក្នុងនោះមានទាំងនគរបាលផងដែរ ហើយមនុស្ស៥៨នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
សារព័ត៌មាន BBC បានរាយការណ៍ថាយ៉ាងហោចណាស់បាតុករ៧៥,០០០នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងប៉ារីស ខណៈដែលព្រឹទ្ធសភាជជែកអំពីការផ្លាស់ប្ដូរច្បាប់ការងារ។
តួប៉មអេហ្វហ្វែលដែលជាទីតាំងទេសចរណ៍ដ៏ល្បីប្រចាំទីក្រុងប៉ារីសត្រូវបានគេបិទដោយសារតែបាតុកម្មរបស់បុគ្គលិកបម្រើការក្នុងវិស័យនានា។
កំណែទម្រង់ច្បាប់ការងារនេះនឹងធ្វើឲ្យនិយោជកងាយស្រួលក្នុងការជួលបុគ្គលិកនិងបញ្ឈប់បុគ្គលិកផងដែរ។
ច្បាប់នេះក៏នឹងបន្ធូរបន្ថយលើការរឹតបន្តឹងលើម៉ោងការងារផងដែរ។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយនិងកំពុងឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា។
បាតុកម្មឬកូដកម្មរបស់បុគ្គលិកកម្មករទាំងនេះកំពុងតែបង្កក្ដីបារម្ភពីសុវត្ថិភាពចំពោះដំណើរការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលបានចាប់ផ្ដើមអស់រយៈពេលជិតមួយសប្ដាហ៍មកហើយ៕