មន្ត្រីយោធាវៀតណាមបានឲ្យដឹងថាយន្តហោះចម្បាំងផលិតនៅរុស្ស៊ីមួយគ្រឿងបានបាត់ខ្លួនពីរ៉ាដាកាលពីថ្ងៃម្សិលមិញអំឡុងពេលហោះហើរហ្វឹកហាត់នៅតាមបណ្ដោយឆ្នេរភាគកណ្ដាលនៃប្រទេសនេះ។
ទីភ្នាក់ងារព័ត័មានរ៉យទ័រដែលបានដកស្រង់សម្ដីអគ្គមេបញ្ជាការរងកងទ័ពវៀតណាម លោកឧត្ដមសេនីយ៍ វ៉ូ វ៉ាន់ទួន បានរាយការណ៍ថាយន្តហោះចម្បាំង Sukhoi SU-30 MK2 បានហោះហើរនៅចម្ងាយ៣០ទៅ៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តង៉េអាននៅជិតកោះហៃណានរបស់ចិន នៅពេលវាបាត់ខ្លួននៅអំឡុងពេលហោះហើរហ្វឹកហាត់។
មន្ត្រីយោធារូបនេះបញ្ជាក់ថាគេមិនទាន់រកឃើញយន្តហោះនោះនៅឡើយទេ ហើយក៏មិនទាន់ដឹងពីមូលហេតុនៃការបាត់ខ្លួនផងដែរ។
ករណីនេះបានកើតឡើងបន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រជាបន្តបន្ទាប់នៅក្នុងរយៈពេល២ឆ្នាំមកនេះ ចំពេលដែលវៀតណាមព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួនឡើងវិញនៅចំពោះមុខកំណើនឥទ្ធិពលយោធាចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
យន្តហោះចម្បាំងដែលបាត់ខ្លួននោះគឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកមួយក្នុងចំណោមយន្តហោះ៣០គ្រឿងដែលវៀតណាមប្រើប្រាស់។
វៀតណាមកំពុងតែស្ថិតក្នុងដំណាក់កាលជជែកជាមួយក្រុងវ៉ាស៊ីងតោនអំពីការទិញយន្តចម្បាំង ឧទ្ធម្ភាគចក្រ និងសព្វាវុធដទៃទៀតពីអាមេរិក បើទោះបីជាប្រទេសនេះនៅរំពឹងខ្លាំងលើការផ្គត់ផ្គង់សព្វាវុធពីរុស្ស៊ីក៏ដោយ។
ចិនបានអះអាងជាម្ចាស់លើដែនទឹកស្ទើតែទាំងអស់នៅសមុទ្រចិនខាងត្បូងដែលជាច្រកដឹកជញ្ជូនទំនិញមានតម្លៃ៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈប្រទេសជិតខាងក៏បានអះអាងជាម្ចាស់លើតំបន់ត្រួតស៊ីគ្នានេះផងដែរ៕