សកម្មជនដីធ្លីក្នុងរាជធានីភ្នំពេញ បានអះអាងជាថ្មីថា ពួកគេនឹងបន្តប្រមូលផ្តុំគ្នាពាក់អាវខ្មៅ និងប្រារព្ធពិធីបែបសាសនាព្រះពុទ្ធមួយ ក្នុងសហគមន៍របស់ខ្លួន នៅដើមសប្តាហ៍នេះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប.១រួប ដែលកំពុងជាប់ឃុំ។
តំណាងប្រជាសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា ប្រជាពលរដ្ឋនៅសហគមន៍នេះចន្លោះពី ៥០ ទៅ ១០០នាក់ នឹងប្រមូលផ្តុំគ្នានៅថ្ងៃចន្ទស្អែកនៅម៉ោង ៥ល្ងាច ក្នុងសហគមន៍បឹងកក់ ដើម្បីបួងសួងបែបសាសនា រួមមានអុជធូប ទាន ហើយសរសេរលើបដា ដែលមានខ្លឹមសារ ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ឲ្យមានសេរីភាពវិញ។
នៅពេលសួរថា តើការប្រារព្ធនោះ មានការព្រួយបារម្ភពីសុវត្ថិភាពដែរឬទេ? អ្នកស្រី ទេព វន្នី ឆ្លើយថា អ្នកស្រី និងប្រជាសហគមន៍បឹងកក់ មានការព្រួយបារម្ភពីសុវត្ថិភាពដែរ ប៉ុន្តែ អ្នកស្រីអះអាងថា ពួកគេនៅតែបន្តធ្វើ ដោយថា ការសម្តែងមតិ ការជួបជុំដោយសន្តិវិធី ធ្វើតាមច្បាប់ជាតិ និងអន្តរជាតិ។
អ្នកស្រី ទេព វន្នី៖«ព្រួយចេះតែព្រួយហើយ តែយើងអត់មានជម្រើសអីផ្សេងទេ។ បើយើងភ័យខ្លាច យើងមិនហ៊ានធ្វើការតស៊ូមតិពាក់អាវខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែង ឬក៏ទាមទារយុត្តិធម៌ឲ្យអ្នកជាប់ឃុំខ្លួន ខ្ញុំគិតថា ពួកខ្ញុំអត់មានជំរើសអីផ្សេងទៀតទេ មានតែធ្វើយុទ្ធនាការពាក់អាវខ្មៅ។ បើទោះបីជាមានការប្រឈមនឹងការចាប់ខ្លួន ការចោទប្រកាន់យ៉ាងណាក៏ដោយ ក៏ពួកខ្ញុំអត់ឈប់ដែរ ព្រោះអ្វីដែលពួកខ្ញុំធ្វើជារឿងដែរត្រឹមត្រូវ ព្រោះយើងមិនបានប្រឆាំងនឹងច្បាប់ជាតិ និងអន្តរជាតិណាមួយ ហើយក៏មិនមែនរឿងដែលប្រឆាំងរដ្ឋាភិបាល ជាពិសេសមិនមែនរឿងធ្វើបដិវត្តពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែរ»។
រីឯតំណាងសកម្មជនដីធ្លីនៅសហគមន៍ SOS អ្នកស្រី ច្រាយ នីម មានប្រសាសន៍ថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការពាក់អាវខ្មៅនៅថ្ងៃចន្ទជារៀងរាល់ដើមសប្តាហ៍ដែរ។ ប៉ុន្តែ អ្នកស្រីថា មិនទាន់កំណត់យកទីតាំងណា ដើម្បីជួបជុំជាមួយប្រជាសហគន៍នៅឡើយ ដោយអ្នកស្រីថានឹងពិភាក្សាជាមួយតំណាងពួកគេនៅល្ងាចថ្ងៃអាទិត្យនេះ។
វីអូឌី(VOD) មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ ដោយទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យចាត់វិធានការលើអ្នកដែលប្រមូលផ្តុំខុសច្បាប់ មិនថាបុគ្គលនោះពាក់អាវពណ៌អ្វីក៏ដោយ។
សកម្មជនដីធ្លីបានធ្វើយុទ្ធនាការអាវខ្មៅនៅថ្ងៃចន្ទចំនួន ៦លើករួចមកហើយ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង ៥រូបនោះ។ ក្នុងរយៈពេល ៦សប្តាហ៍កន្លងទៅ អាជ្ញាធរតែងតែទប់ស្កាត់ការប្រមូលផ្តុំរបស់ពួកគេ ហើយបានឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
មន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូបនោះ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប. លោក នី ចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថាបានសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសរបស់កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕