រដ្ឋាភិបាល​អភិវឌ្ឍឆ្នេរសមុទ្រខេត្តព្រះសីហនុគ្រោងដាក់ឈ្មោះលោក ហ៊ុន សែន

រដ្ឋាភិបាលឲ្យដឹងថាឆេ្នរសមុទ្រខេត្តព្រះសីហនុដែលត្រូវកែលំអថ្មីនៅខែមិថុនានេះនឹងដាក់ឈ្មោះនៅខ្លោងច្រកចូលថា ឆ្នេរសមុទ្រសម្តេចតេជោសែន

ក្នុងហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានបង្ហោះរូបភាពឆ្នេរនិងមានសរសេរជាអក្សរថា “ឆេ្នរសមុទ្រខេត្តព្រះសីហនុនឹងចាប់ផើ្តមសាងសង់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ និងជាបន្តបនា្ទប់ ដោយមានការចូលរួមពីប្រជាពលរដ្ឋនិងសប្បុរសជនក្នុងប្រទេស“។ ចំណែកក្នុងរូបភាពប្លង់មានសរសេរជាអក្សរថា ខ្លោងច្រកចូល “ឆ្នេរសមុទ្រសម្តេចតេជោសែន” ខ្លោងច្រកចូលឆ្នេរអូរឈើទាល។

ពលរដ្ឋមួយចំនួនបានបានអបអរសាទរនឹងគម្រោងនេះ ប៉ុន្តែមួយចំនួនទៀតរិះគន់លើហ្វេសប៊ុកថា យកលុយរដ្ឋធ្វើ ដាក់ឈ្មោះនាយករដ្ឋមន្ត្រី អត់យល់អាលីង យ៉ាងម៉េច អាណត្តិតាំងពីមួយរហូតដល់ប្រាំនិងអត់មានដាក់ខ្លះទេអី? បើមិនដាក់ឈ្មោះចឹងធ្វើមិនកើតឬយ៉ាងម៉េច?” លោក ជា សុផារ៉ា ឆ្លើយតបយ៉ាងខ្លីថា អាស្រ័យលើសប្បុរសជន។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុទ្ធារិទ្ធ ដែលជាសមាជិកក្នុងគណៈកម្មការរៀបចំតំបន់ឆ្នេរនោះមានប្រសាសន៍ថា ក្រសួងដែនដីពិតជារៀបចំគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរនោះមែន។ នៅពេលសួរថាតំបន់នោះនឹងដាក់ឈ្មោះនៅខ្លោងច្រកចូលថា “ឆ្នេរសមុទ្រសម្តេចតេជោសែន” ដែរឬទេ? លោកសុំមិនបកស្រាយលើករណីនេះដោយបង្វែសំនួរឲ្យទៅសួរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ លោក នួន ប៊ុកវិញ។ លោកបន្តថា៖ កិច្ចការងារនេះខ្ញុំអត់ទាន់ច្បាស់ដែរ គ្រាន់តែខ្ញុំដឹងថាមានការធ្វើខ្លោងទ្វារតាមឆ្នេរនីមួយៗ ប៉ុន្តែពាក់ព័ន្ធឈ្មោះខ្ញុំអត់ទាន់បានច្បាស់ទេ ហើយបើបងចង់ច្បាស់ បងជម្រាបសួរទៅប្រធានមន្ទីរដែនដីបន្តិច បងនឹងដឹងច្បាស់កិច្ចការងារហ្នឹង ព្រោះគាត់កាន់គម្រោងហ្នឹង

យ៉ាងណាក៏ដោយ VOD បានទាក់ទងទៅលោក នួន ប៊ុក ដែរ ប៉ុន្តែលោកថាជាប់រវល់ប្រជុំ។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថា ការដាក់ឈ្មោះអ្នកដឹកនាំនៅតាមសាលារៀន កោះ និងតំបន់ទេសចរណ៍មួយចំនួន អាចធ្វើឲ្យបាត់បង់ឈ្មោះឬអត្តសញ្ញាណដើមនៅតំបន់នោះនិងធ្វើឲ្យមានបញ្ហាប្រឈមនៅថ្ងៃអនាគត់។ លោកបន្តថា៖ ការនាំគ្នាដូរឈ្មោះទីកន្លែងដែលជាឈ្មោះទីតំាងរបស់តំបន់នីមួយៗដែលមានតំាងពីដូនតាមក កាលណាយើងនាំគ្នាដូរទៅ វាធ្វើឲ្យវាបាត់អត្តសញ្ញាណនៅក្នុងតំបន់នោះតែម្តងដែលរឿងធំ ខ្ញុំគិតថាមិនមែនត្រឹមតែការដូរឈ្មោះត្រឹមប៉ុណ្នឹងទេ ដូចជាការដូរឈ្មោះនៅតាមកោះនីមួយៗ ក៏ឮថាដូរឈ្មោះដែរ វាជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសមួយសង្គមមួយនៅពេលអនាគត ទីបំផុតយើងមានឈ្មោះថ្មីទំាងអស់ ហើយយើងបាត់អត្តសញ្ញាណដើមរបស់យើង

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថារដ្ឋាភិបាលកម្ពុជា សម្រេចយកដីឆ្នេរសាធារណៈមកគ្រប់គ្រង ខណៈមានជនឆ្លៀតឱកាសយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

មុនមានការសម្រេចបែបនេះតំបន់ឆ្នេរមួយចំនួននៃខេត្តព្រះសីហនុដែលគ្រប់គ្រងដោយឯកជនពុំអនុញ្ញាតឲ្យសាធារណជនទូទៅចូលលំហែបានទេ ទុកសម្រាប់តែអតិថិជនរបស់គេប៉ុណ្ណោះ ហើយឆ្នេរខ្លះទៀតត្រូវគេព័ទ្ធរបងទុកចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ