ទីភ្នាក់ងារ UN អះអាង​ថាចំនួន​ជនចំណាក​ស្រុក​កើន​ខ្ពស់​បំផុត​នៅ​ឆ្នាំ​មុន

(រូបភាពពី BBC)

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឲ្យដឹងថាចំនួនមនុស្សដែលបានគេចចេញពីជម្លោះមានកម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។

សារព័ត៌មាន BBC បានផ្សាយថាទីភ្នាក់ងារនេះបានវាយតម្លៃថាមនុស្ស៦៥.៣លាននាក់គឺជាជនភៀសខ្លួន ជនស្វែងរកសិទ្ធិជ្រកកោន និងជនចំណាកស្រុកក្នុងស្រុកនៅត្រឹមចុងឆ្នាំ២០១៥ពោលគឺជាបានកើនឡើង៥លាននាក់ធៀបនឹងឆ្នាំ២០១៤កន្លងមក។

តួលេខនេះបង្ហាញថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១១៣នាក់គឺជាជនភៀសខ្លួន។

ស្របពេលនេះដែរប្រមុខទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយថាក្ដីបារម្ភអំពីបរិយាកាសនៃជនបរទេសបានកើតឡើងនៅអឺរ៉ុប ខណៈតំបន់នេះព្យាយាមដោះស្រាយវិបត្តិជនចំណាកស្រុក។

កំណើនដ៏ធំបំផុតនៃជនចំណាកស្រុកគិតចាប់ពីក្រោយសង្គ្រាមលោកលើកទី២មកនោះបាននាំទៅការគាំទ្រកាន់តែធំចំពោះក្រុមជ្រុលប្រកាន់តឹងរឹងនិងគោលនយោបាយប្រឆាំងនឹងអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនចេញចំទិវាជនភៀសខ្លួនពិភពលោក អង្គការសហប្រជាជាតិបាននិយាយថានេះគឺជាលើកទីមួយហើយដែលចំនួនជនចំណាកស្រុកនៅលើពិភពលោកបានកើនឡើងលើសពី៦០លាននាក់។

របាយការណ៍នោះបានបន្ថែមថាជាងពាក់កណ្ដាលនៃជនចំណាកស្រុកមកពីបណ្ដាប្រទេសហែកហួរដោយសង្គ្រាមមានស៊ីរី អាហ្វហ្កានីស្ថាន និងសូម៉ាលី។

ទោះបីការផ្ដោតភាគច្រើនទៅលើវិបត្តិជនចំណាកស្រុកនៅអឺរ៉ុបក៏ដោយ ក៏អង្គការសហប្រជាជាតិនិយាយថា ៨៦ភាគរយនៃជនចំណាកស្រុកត្រូវបានជ្រកកោននៅក្នុងបណ្ដាប្រទេសមានចំណូលទាបនិងមធ្យម។

យោងតាមអង្គការសន្តប្រវេសន៍អន្តរជាតិបានឲ្យដឹងថាជនចំណាកស្រុកជាង១លាននាក់បានធ្វើដំណើរទៅដល់អឺរ៉ុបតាមផ្លូវសមុទ្រកាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ