ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​បង្កើត​ច្រក​សមុទ្រ​រួម​ទប់​ស្កាត់​ចោរ​សមុទ្រ

(រូបភាពពី Reuters)

ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញបានឯកភាពគ្នាបង្កើតច្រកពាណិជ្ជកម្មមួយសម្រាប់នាវាឆ្លងកាត់តំបន់ដែនទឹកដែលរងការឆក់ប្លន់ពីសំណាក់ពួកឧទ្ទាមអ៊ីស្លាមនៅភាគខាងត្បូងហ្វីលីពីន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថាបុគ្គលិកបម្រើការលើនាវាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីជិត២០នាក់ហើយត្រូវបានក្រុមឧទ្ទាមអាប៊ូសាយយ៉ាស់ចាប់ជំរិតនៅក្នុងឆ្នាំនេះដោយក្រុងហ្សាកាតាព្រួយបារម្ភថា បញ្ហានេះអាចឈានទៅដូចនឹងក្រុមចោរសមុទ្រសូម៉ាលី។

ដោយរងការវាយប្រហារជាញឹកញាប់ អាជ្ញាធរនៅតាមកំពង់ផែនៅតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ីជាពិសេសនៅកោះកាលីម៉ាន់តាន់បានបញ្ឈប់ការចេញលិខិតអនុញ្ញាតឲ្យនាវាដឹកធ្យូងថ្មទៅភាគខាងត្បូងហ្វីលីពីន។

ឥណ្ឌូណេស៊ីគឺជាប្រទេសនាំចេញធ្យូងថ្មធំជាងគេលើពិភពលោកនិងបានផ្គត់ផ្គង់ដល់ការនាំចូលធ្យូងថ្មីរបស់ប្រទេសហ្វីលីពីនដល់ទៅ៧០ភាគរយ។

ក្រុមរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសទាំងបីបាននិយាយនៅក្នុងសេចក្ដីប្រកាសរួមក្រោយកិច្ចប្រជុំនៅទីក្រុងម៉ានីលថា ពួកគេបានឯកភាពជាគោលការណ៍ថានឹងស្វែងរកវិធានការនានាក្នុងនោះមានទាំងច្រកឆ្លងកាត់នៅដែនទឹករួមមួយដែលនឹងប្រើប្រាស់ធ្វើជាផ្លូវសមុទ្រសម្រាប់នាវាចរណ៍។

ក្រុមអ្នកវិភាគនិយាយថាទំនិញតម្លៃ៤០ពាន់លានដុល្លារត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រសូលូនិងសេឡេបេសនៅរៀងរាល់ឆ្នាំ ក្នុងនោះមានទាំងនាវាធំៗមកពីមហាសមុទ្រឥណ្ឌា ដែលមិនអាចប្រើប្រាស់ច្រកសមុទ្រដ៏មមាញឹកនៅម៉ាឡាកាបាននោះផងដែរ។

ប្រទេសទាំងបីក៏បានឯកភាពផងដែរលើការបង្កើតកម្លាំងល្បាតសមុទ្រនិងដែនអាកាសសម្រាប់នាវាពាណិជ្ជកម្មនៅតំបន់ដែនទឹករួម ដើម្បីទប់ស្កាត់ការឆក់ប្លន់និងការចាប់ជំរិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ