តុលាការកំពូលការពារចំណាត់ការរបស់សាលាឧទ្ធរណ៍ ករណី លោក ហុង សុខហួរ

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ

តុលាការកំពូលនៅព្រឹកនេះបានបដិសេធបណ្តឹងសារទុក្ខមេធាវីរបស់លោក ហុង សុខហួរដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ជាប់ពិរុទ្ធក្នុងរឿងរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម ដោយចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។

កាលពីថ្ងៃទី៨ ខែមិថុនា តុលាការកំពូលបានលើកយកសំណុំរឿង២ដាច់ដោយឡែកពីគ្នារបស់លោក ហុង សុខហួរ មកជំនុំជម្រះ សុំណុំរឿងទី១មេធាវីការពារក្តីរបស់លោក ហុង សុខហួរ បានប្តឹងទាស់នឹងនីតិវិធីរបស់តុលាការ និងសមត្ថកិច្ច ករណីបទល្មើសជាក់ស្តែងបំពានអភ័យឯកសិទ្ធិ សំណុំរឿងទី២ទាក់ទងនឹងបណ្តឹងសារទុក្ខ ប្រឆាំងនឹងសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការសម្រេចឲ្យប្រគល់កុំព្យូទ័ររបស់លោក ហុង សុខហួរ ដែលប្រើប្រាស់ពាក់ព័ន្ធនឹងឯកសារផែនទី និងសម្រេចឲ្យមេធាវីផ្តល់ភស្តុតាង។

ចៅក្រមតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ នៅថ្ងៃពុធនេះប្រកាសថា បណ្តឹងសារទុក្ខរបស់មេធាវីការពារក្តី លោក ហុង សុខហួរ គ្មានមូលហេតុត្រឹមត្រូវ ហើយថាការសម្រេចឃុំខ្លួនរបស់សាលាដំបូង និងឧទ្ធរណ៍មានសម្អាងហេតុគ្រប់គ្រាន់។

ក្រោយចេញពីបន្ទប់សវនាការ លោក ហុង សុខហួរ លើកឡើងថា ការសម្រេចនេះមិនមែនជារឿងចម្លែកទេសម្រាប់លោក ដោយលោកបញ្ជាក់ថា ការសម្រេចនេះជារឿងនយោបាយ។

ចំណែកមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ គឺលោក ជូង ជូងី មានប្រសាសន៍ថា ការសម្រេចនេះជារឿងអយុត្តិធម៌ និងបំពាននីតិវិធីច្បាប់ ដែលលោកអះអាងថា ជាការសម្រេចដែលមិនអាចអនុវត្តបាន។

គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ ដែលការចាប់ខ្លួននេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណី គឺ បទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ