ក្រុមមន្ត្រីបញ្ជាក់នៅថ្ងៃនេះថាបំណែកមួយបន្ទះដែលគេរកឃើញនៅលើកោះមួយនៅភាគខាងលិចអូស្ត្រាលីនោះមិនមែនជាបំណែកនៃយន្តហោះម៉ាឡេស៊ីបាត់ខ្លួន MH370 នោះឡើយ ខណៈដែលពួកគេអះអាងថាគ្មានផែនការពង្រីកការស្វែងរកយន្តហោះនៅក្រោមទឹកសមុទ្រនោះឡើយ។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាបំណែកនោះត្រូវបានគេរកឃើញនៅដើមខែនេះនៅក្នុងវាលស្មៅក្រោមទឹកសមុទ្រនិងត្រូវបានគេផ្ទៀងផ្ទាត់នឹងបំណែកយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួន។
ការិយាល័យសុវត្ថិភាពគមនាគមន៍អូស្ត្រាលីបានត្រួតពិនិត្យលើបំណែកនោះ ហើយបដិសេធថាវាមិនមែនជាផ្នែកមួយនៃយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួននៅក្នុងខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស២៣៩នាក់នោះទេ។
ស្ថាប័ននេះបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ព័ត៌មានដែលទទួលបានពីក្រុមហ៊ុនផលិតយន្តហោះ បញ្ជាក់ថាបំណែកនោះមិនត្រូវគ្នានឹងគ្រឿងបង្គំនៃយន្តហោះផលិតដោយក្រុមហ៊ុន Boeing នោះឡើយ។
ចំណែកបំណែក២បន្ទះទៀតដែលគេរកឃើញនៅម៉ាដាកាស្កានោះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។
ជោគវាសនាយន្តហោះម៉ាឡេស៊ីនោះដែលត្រូវបានគេសន្និដ្ឋានថាបានធ្លាក់នៅសមុទ្រអំឡុងពេលហោះហើរពីទីក្រុងគួឡាឡុំពួទៅទីក្រុងប៉េកាំងនោះនៅតែបន្តស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ៕