ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានបំណងចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោជាលក្ខណៈពាណិជ្ជកម្ម ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលជលផល មុននឹងចាប់ផ្តើមពាណិជ្ជកម្មមួយនេះ។ នេះបើតាមប្រកាសរបស់ក្រសួងកសិកម្មចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។
កាលពីចុងខែមេសា ឆ្នាំ២០១៦ រដ្ឋាភិបាលបានអនុញ្ញាតឲ្យចិញ្ចឹមត្រីរ៉ស់និងត្រីឆ្ដោឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានហាមមិនឲ្យចិញ្ចឹមត្រីទាំងពីរប្រភេទនេះអស់រយៈពេលជាង១០ឆ្នាំ។
ក្នុងប្រកាសមួយស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីថ្មីក្រសួងកសិកម្ម លោក វេង សាខុន ក្រសួងកសិកម្មបានបញ្ជាក់ថារូបវន្តឬនីតិបុគ្គលដែលធ្វើវារីវប្បកម្មត្រីរ៉ស់និងត្រីឆ្តោជាលក្ខណៈពាណិជ្ជកម្ម ត្រូវមានលិខិតអនុញ្ញាតធ្វើវារីវប្បកម្ម ដែលចេញដោយរដ្ឋបាលជលផលមានសមត្ថកិច្ច។ ក្រសួងតម្រូវឲ្យមានការចុះកិច្ចសន្យាស្តីពីការធ្វើវារីវប្បកម្មត្រីរ៉ស់និងត្រីឆ្តោ មានសៀវភៅសម្រង់ស្ថិតិវារីវប្បកម្មដែលកំណត់ដោយរដ្ឋបាលជលផលនិងត្រូវគោរពតាមបទបញ្ជាបច្ចេកទេសវារីវប្បកម្ម គោលការណ៍អនុវត្តវារីវប្បកម្មល្អនិងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
បើតាមប្រកាស អ្នកចិញ្ចឹមត្រីត្រូវសុំការអនុញ្ញាតពីរដ្ឋបាលជលផលថ្នាក់កណ្តាលក្នុងទំហំវារីវប្បកម្មដែលស្រះមានផ្ទៃសរុបលើសពី២ពាន់ម៉ែត្រក្រឡា ស៊ងមានផ្ទៃក្រឡាសរុបលើសពី១ពាន់ម៉ែត្រក្រឡា បែ មានផ្ទៃក្រឡាសរុបលើសពី១៥០ម៉ែត្រក្រឡានិងការចិញ្ចឹមលើសពី៣៥០០០ក្បាលឡើងទៅ។ ក្នុងករណី ដែលវារីវប្បកម្មមានផ្ទៃក្រឡាសរុបលើសពី២០០ទៅ២០០០ម៉ែត្រក្រឡានិងចិញ្ចឹមត្រីពី៣៥០០ទៅ៣៥០០០ក្បាល អ្នកចិញ្ចឹមត្រីត្រូវសុំការអនុញ្ញាតពីរដ្ឋបាលជលផលថ្នាក់សាមី។
ក្រសួងកសិកម្មបញ្ជាក់ទៀតថាការធ្វើវារីវប្បកម្មត្រីរ៉ស់និងត្រីឆ្តោជាលក្ខណៈគ្រួសារដែលមានទំហំតិចជាង៣៥០០ក្បាល មិនតម្រូវឲ្យមានលិខិតអនុញ្ញាតឡើយ ប៉ុន្តែត្រូវចុះបញ្ជីវារីវប្បកម្មនៅរដ្ឋបាលជលផលដែលមានសមត្ថកិច្ចនៅជិតបំផុតហើយត្រូវមានសៀវភៅសម្រង់ស្ថិតិនិងអនុវត្តតាមបទបញ្ជាបច្ចេកទេសវារីវប្បកម្ម។
ក្រសួងកសិកម្មក៏បានហាមឃាត់មិនឲ្យចាប់កូនត្រីរ៉ស់និងត្រីឆ្តោពីធម្មជាតិមកចិញ្ចឹមនិងហាមមិនឲ្យប្រើប្រាស់កូនត្រីទឹកសាបដែលចាប់ពីធម្មជាតិក្នុងរដូវបិទនេសាទឬកូនត្រី ដែលបានមកពីការធ្វើនេសាទខុសច្បាប់ធ្វើជាចំណី។ ក្រសួងព្រមានថាជនណាប្រព្រឹត្តផ្ទុយនឹងប្រកាសនេះត្រូវទទួលទោសតាមច្បាប់ជាធរមាន។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត ប្រាប់វីអូឌីនៅថ្ងៃពុធនេះថាកាលពីមុនមក រដ្ឋាភិបាលមិនអនុញ្ញាតឲ្យចិញ្ចឹមនោះទេ ហើយការចេញប្រកាសនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលសម្រេចឲ្យចិញ្ចឹមឡើងវិញ។ លោកបញ្ជាក់ថាការអនុវត្តនឹងចាប់ផ្តើមពីថ្ងៃទី ៧ខែមិថុនា។ នៅពេលសួរពីចំណាត់ការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុស លោកថាគឺអនុវត្តទៅតាមច្បាប់ជលផលនិងច្បាប់នានារបស់កម្ពុជា។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៤ ក្រសួងកសិកម្មបានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋនិងអាជីវករបញ្ឈប់ការចញ្ចឹមត្រីរ៉ស់និងត្រីឆ្តោ ដោយក្រសួងបញ្ជាក់ថាការចិញ្ចឹមត្រីពីរប្រភេទនេះនាំឲ្យមានការនេសាទកូនត្រីពីបឹងទន្លេធម្មជាតិសម្រាប់ផ្ដល់ជាចំណីឲ្យត្រីឆ្ដោនិងត្រីរ៉ស់ចិញ្ចឹមទាំងនោះដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់មច្ឆាជាតិ៕









