អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើឲ្យ​រដ្ឋបញ្ជូលពួកគេក្នុង​របបសន្តិសុខសង្គម

បុរសម្នាក់សម្រាករងចាំអតិថិជននៅលើស៊ីក្លូរបស់គាត់ក្បែរព្រះបរមរាជវាំង (ដោយ ទូច សុខា)

ក្រុមសហជីពដែលធ្វើការជាមួយកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើឲ្យរដ្ឋាភិបាលផ្តល់នូវរបបសន្តិសុខសង្គមមួយដល់អ្នកទាំងនោះ ដោយថាដើម្បីឲ្យពួកគាត់បានទទួលថ្លៃថែទាំសុខភាពនិងប្រាក់សោធននិវត្តន៍នៅពេលចាស់ជរាជាដើម។

ក្នុងសិក្ខាសាលាមួយស្តីពីកិច្ចគាំពារសង្គមនៅព្រឹកនេះ សមាជិករបស់សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាបានស្នើរដ្ឋាឲ្យពិចារណាដាក់កម្មករនិយោជិតផ្នែកសេដកិច្ចក្រៅប្រព័ន្ធទៅក្នុងរបបសន្តិសុខសង្គម ដូចកម្មករនិយោជិតដែលកំពុងធ្វើការនៅតាមគ្រឹះស្ថានរដ្ឋនិងឯកជនដទៃទៀតដែរ។

អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំអ៊ន លើកឡើងក្នុងសិក្ខាសាលានោះថាកសិករ អ្នកធ្វើការតាមផ្ទះ អ្នករត់ម៉ូតូឌុប ឬរ៉ឺម៉កកង់បីជាដើម រដ្ឋាភិបាលមិនទាន់បានគិតគូរពីការផ្តល់នូវការរបបសន្តិសុខសង្គមដូចជាការថែទាំងជំងឺឬប្រាក់ចាស់ជរាសម្រាប់ពួកគាត់នៅឡើយ។ លោកថាថ្វីត្បិតតែសព្វថ្ងៃប្រជាពលរដ្ឋក្រីក្រមួយចំនួនបានទទួលប័ណ្ណក្រីក្រសម្រាប់ការថែទាំសុខភាពក៏ដោយ តែលោកថាប័ណ្ណនេះមិនមានប្រសិទ្ធិភាពប៉ុន្មាននោះទេ ដោយថាអ្នកទាំងនោះនៅតែចំណាយប្រាក់ពេលទៅទទួលសេវាសុខាភិបាល។

លោកបន្ថែមថារដ្ឋាភិបាលគួរឲ្យមន្ត្រីមូលដ្ឋានចុះស្ថិតិប្រជាពលរដ្ឋដែលជាកសិករ កម្មករនិយោជិត ដែលធ្វើការនៅក្រៅប្រព័ន្ធឲ្យបានចំនួនជាក់លាក់ និងថារៀបចំឲ្យពួកគេបង់ប្រាក់ក្នុងកំរិតណាមួយដល់រដ្ឋ ហើយរដ្ឋផ្តល់មកវិញនូវសេវាសុខភាពឥតគិតថ្លៃនិងប្រាក់ចូលនិវត្តន៍ពេលគាត់ដល់អាយុកំណត់។

លោកបន្តថា៖ សូមឲ្យក្រសួងការងារខិតខំធ្វើយ៉ាងណាដាក់កសិករនៅក្រៅប្រព័ន្ធឲ្យទៅក្នុងប្រព័ន្ធឲ្យបានរបបសន្តិសុខសង្គមដូចប្រទេសជិតខាង ដូចជានៅប្រទេសថៃអ្នកចូលនិវត្តន៍ទៅបាន៥០០បាតក្នុងមួយខែ និងនៅហ្វីលីពីនអ្នកដែលមានអាយុចាប់ពី៦០ឡើង គាតបានទទួលការបញ្ចុះតម្លៃ២០ភាគរយពីហាងទំនិញទាំងអស់អីអ៊ីចឹងទៅ

កសិករម្នាក់ដែលបានចូលរួមក្នុងសិក្ខាសិលានេះគឺ លោក មឿន រតនា លើកឡើងថាកសិករធ្វើការដោយប្រើកម្លាំងសុទ្ធសាធនិងថាពេលចាស់ទៅមិនអាចប្រកបរបរនេះបានទៅទៀតនោះទេ។ លោកថាកសិករចាស់ជរាបើគ្មានកូនចិញ្ចឹមទេគឺពិបាក ហេតុនេះលោកថារដ្ឋាភិបាលគួរគិតគូរពីការផ្តល់ប្រាស់សម្រាប់កសិករដែលចាស់ជរាដើម្បីចិញ្ចឹមជីវិត។

លោកបន្ថែមថា៖ ហើយបើសិនជាមានរបបសន្តិសុខសង្គម វាស្រួលពេលយើងចាស់ទៅរដ្ឋបានជួយខ្លះដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជាសេវាពេទ្យនិងប្រាក់ខ្លះៗ…នៅពេលគាត់ចាស់ទៅមានអាប្រាក់ខែហ្នឹងចិញ្ចឹមជីវិតរបស់គាត់

ជាការឆ្លើយតបនឹងការស្នើសុំនេះ អនុប្រធានបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស លោក ស៊ុំ សោភ័ណ្ឌ មានប្រសាសន៍ថារដ្ឋាភិបាលបានរៀបចំគោលនយោបាយគាំពារសង្គមមួយដែលមានរបបសន្តិសុខសង្គមនៅក្នុងនោះដែរ។  លោកបន្តថាបើតាមគម្រោងរបបសន្តិសុខសង្គមមួយនេះគ្របដណ្តប់លើប្រជាពលរដ្ឋទូទៅដែលស្ម័គ្រចិត្តចូលក្នុងគម្រោងនេះនិងថាប្រជាពលរដ្ឋត្រូវបង់ថវិកាដល់រដ្ឋក្នុងកម្រិតណាមួយដែលកំណត់ដោយរដ្ឋ។ ទោះយ៉ាងណាលោកមិនទាន់ដឹងច្បាស់ថាគម្រោងនេះនឹងអាចចេញរួចនៅពេលណានោះនៅឡើយទេ។

លោកបន្ថែមថា៖ ដែលប្រជាជនទូទៅត្រូវមានច្បាប់មួយត្រូវចូលក្នុងរបបសន្តិសុខសង្គមដោយស្ម័គ្រចិត្ត សម្រាប់អ្នកមានលទ្ធភាពយើងបង់ទៅ សម្រាប់អ្នកអត់មានលទ្ធភាពអាចរដ្ឋាភិបាលជួយបង់ឲ្យគាត់ ដល់ពេលដែលគាត់មានលទ្ធភាពដល់កម្រិតគាត់បង់ខ្លួនឯងវិញ គាត់បង់ប្រចាំខែឬក៏អាចបង់ប្រចាំអីយើងអត់ទាន់ដឹងទេ បង់ទៅតាមវិភាគទានដែលរដ្ឋកំណត់

វែបសាយរបស់បេឡាជាតិរបបសន្តិសុខសង្គមចុះផ្សាយថារបបសន្តិសុខសង្គមនេះកើតមានឡើងតាំងពីឆ្នាំ១៩៥៥ តែត្រូវបានបំផ្លាញទៅវិញនៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយការដួលរលំរបបខ្មែរក្រហមជិត៣០ឆ្នាំទើបអនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមត្រូវបានអនុម័តគឺនៅឆ្នាំ២០០៧ ហើយដាក់ឲ្យអនុវត្តនៅឆ្នាំ២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ