ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានបង្ហាញការខកចិត្តនឹងរដ្ឋាភិបាលស្វីស ដែលមិនបង្កើនវិភាគទាន ៤លានដុល្លារ សម្រាប់ដំណើរការនៃមន្ទីរពេទ្យនេះនោះឡើយ ខណៈពលរដ្ឋកម្ពុជាកាន់តែច្រើន បានស្វែងរកសេវាសុខាភិបាលនៅមន្ទីរពេទ្យមួយនេះ។
នៅក្នុងលិខិតមួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក លោកវេជ្ជបណ្ឌិត Beat Richner ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានបង្កើនវិភាគទានថវិកាដល់មន្ទីរពេទ្យមួយនេះ ពីចំនួន ៣លានដុល្លារ ដល់ទៅ ៦លានដុល្លារ។ ចំណែករដ្ឋាភិបាលស្វីស ពុំបានបង្កើនថវិកាវិភាគទានចំនួន ៤លានដុល្លារនោះឡើយ ដែលបញ្ហានេះបានធ្វើឲ្យលោកខកចិត្ត។
កាលពីខែមីនាកន្លងមក រដ្ឋាបាលកម្ពុជា និងស្វីស បានចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ ដែលក្នុងនោះមានការផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលស្វីសបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា នូវថវិកាសរុបចំនួន ៥៥លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៤មក។
លោក Beat Richner បានឲ្យដឹងថា កុមារកម្ពុជាជិតកន្លះលាននាក់ បានទទួលសេវាសុខាភិបាល ព្យាបាល និងវះកាត់នៅក្នុងមន្ទីរពេទ្យនេះ ខណៈស្ត្រីមានផ្ទៃពោះជាង ១សែននាក់ ក៏ទទួលបានការពិនិត្យ ព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផាទី ៣ នៅឯខេត្តសៀមរាបផងដែរ៕