ប្រទេសចិន បាននិយាយកាលពីថ្ងៃម្សិលមិញថា ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ដែនដីកោះមួយនេះ ពុំទទួលស្គាល់គោលគំនិត«ចិនតែមួយ»។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ កាន់តែឡើងកម្ដៅ ចាប់តាំងពីលោកស្រី សៃ អ៊ីងវ៉េន បានឈ្នះការបោះឆ្នោតកាលពីខែមករា និងឡើងដឹកនាំដែនកោះមួយនេះកាលពីខែឧសភាកន្លងមក ដោយបានបញ្ចប់ទំនាក់ទំនងល្អូកល្អិនរយៈពេល ៨ឆ្នាំកន្លងមក។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានឲ្យដឹងថា ក្រុងប៉េកាំង និងក្រុងតៃប៉ិ តែងតែរក្សាទំនាក់ទំនងផ្លូវការជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៤មក ប៉ុន្តែ ទំនាក់ទំនងនោះបានបញ្ចប់ហើយនាពេលនេះ។
លោក អាន ហ្វុងសាន អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ បាននិយាយថា យន្តការទំនាក់ទំនងទ្វេភាគី ត្រូវបានគេផ្អាក។
ទោះបីជាតៃវ៉ាន់ គឺជាដែនដីមានរបបគ្រប់គ្រងខ្លួនឯងក៏ដោយ ក៏ដែនកោះមួយនេះ មិនទាន់ប្រកាសឯករាជ្យផ្លូវការនោះឡើយ ចាប់តាំងពីបំបែកខ្លួនពីចិននៅក្រោយសង្គ្រាមស៊ីវិលមក ហើយក្រុងប៉េកាំងនៅតែចាត់ទុកដែនដីនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលរងចាំការបង្រួបបង្រួម៕