តុលាការអន្តរជាតិបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ខ្លួននឹងចេញសេចក្ដីសម្រេចមួយនៅថ្ងៃទី១២ ខែកក្កដាខាងមុខនេះនៅក្នុងសំណុំរឿងមួយប្ដឹងដោយប្រទេសហ្វីលីពីនប្រឆាំងនឹងការអះអាងជាម្ចាស់របស់ចិនទៅលើដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូង។
សាលក្រមដែលចេញដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ ដែលជាតុលាការអន្តរជាតិចំណាស់ជាងគេនៅលើពិភបលោកសម្រាប់ស្វែងរកដំណោះស្រាយរវាងប្រទេសនានាដោយសន្តិវិធីនោះអាចនឹងបង្កឲ្យមានភាពតានតឹងបន្ថែមទៀតទៅលើជម្លោះដែលមានស្រាប់ជុំវិញដែនទឹកនោះ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាតុលាការនៅទីក្រុងឡាអេនេះបានប្រកាសថា ខ្លួនបានជូនដំណឹងទៅដល់ភាគីថាតុលាការនឹងចេញសាលក្រមនៅព្រឹកថ្ងៃទី១២ ខែកក្កដាខាងមុខនេះ។
សាលក្រមជាលាយលក្ខណ៍អក្សរដំបូងនឹងត្រូវផ្ញើរទៅភាគីនីមួយៗ ហើយបន្ទាប់មកផ្សព្វផ្សាយដល់អ្នកកាសែត។
ដោយចំណាយពេលដល់ទៅជាង៣ឆ្នាំសម្រាប់សិក្សាលើភស្តុតាងជាង៤ពាន់ទំព័រ ករណីនេះមានលក្ខណៈស្មុគស្មាញខ្លាំង ហើយបានបង្កឲ្យក្រុងប៉េកាំងខឹងសម្បាររួចទៅហើយ។
ចិនបានអះអាងជាម្ចាស់លើដែនទឹកភាគច្រើននៅសមុទ្រចិនខាងត្បូងដោយសម្អាងទៅលើផែនទីនៅអំឡុងទសវត្សរ៍១៩៤០។
ប៉ុន្តែប្រទេសហ្វីលីពីនបានជំទាស់នឹងការអះអាងនេះ ហើយបាននាំករណីនេះទៅតុលាការអន្តរជាតិ បន្ទាប់ពីហត់នឿយទៅនឹងជម្លោះនយោបាយនិងកាទូតជាមួយប្រទេសចិន៕