ក្រុមស្រាវជ្រាវរដ្ឋាភិបាលអះអាងថា​​រកឃើញភាព​មិនប្រក្រតីលើស្នាមមេដៃថ្វាយព្រះមហាក្សត្រ​ច្រើន​ជាង​មុន

ញត្តិរបស់គណបក្ស​សង្រ្គោះជាតិ​ ពេល​ដង្ហែទៅ​ថ្វាយព្រះមហាក្សត្រ​​កាល​ពីពេល​កន្លងទៅ

មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិឲ្យដឹងថាស្នាមមេដៃដែលគណបក្សសង្រ្គោះជាតិបានដាក់ថ្វាយព្រះមហាក្សត្រដើម្បីសុំអន្តរាគមន៍ពីបញ្ហានយោបាយ មានភាពមិនប្រក្រតីច្រើនជាងមុនដែលក្នុងនោះមានស្នាមមេដៃ អ្នកស្លាប់និងអ្នកចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសយូរហើយក៏មាន។

 អគ្គស្នងការរងនគរបាលជាតិ លោក កង សុខន  ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាក្រុមស្រាវជ្រាវរកឃើញស្នាមមេដៃ មានភាពមិនប្រក្រតីច្រើនដូចជាស្នាមមេដៃអ្នកដែលបានស្លាប់ទៅហើយក៏មានឈ្មោះនិងស្នាមមេដៃ ហើយមានអ្នកខ្លះចំណាកស្រុកផងដែរ បន្ថែមពីលើមេដៃស្ទួនដែលបានរកឃើញកាលពីមុន។

លោកបញ្ជាក់ថាគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច័យស្នាមមេដៃ បានធ្វើការពិនិត្យទៅលើស្នាមមេដៃទាំងអស់យ៉ាងសុក្រឹត្យ ដោយប្រើឧបករណ៍ម៉ាស៊ីនធ្វើការពិនិត្យមើល។ ទោះជាយ៉ាងណា លោកមិនអាចបានបញ្ជាក់ថាតើភាពមិនប្រក្រតីនោះមានប៉ុន្មានភាគរយនោះទេ។

លោកមានប្រសាសន៍ថា៖”យើងបានរកឃើញភាពមិនប្រក្រតីច្រើនជាងមុន  មានទាំងអ្នកស្នាមមេដៃដែលបានស្លាប់ទៅហើយក៏មានឈ្មោះនិងស្នាមមេដៃហើយមានអ្នកខ្លះចំណាកស្រុកទៅធ្វើការងារនៅក្រៅ ស្រុកយូរហើយក៏ឃើញមានដែរ”

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួងមិនទាន់ទទួលបានរបាយការណ៍ពីគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច័យស្នាមមេដៃនៅឡើយទេ។ លោកមានប្រសាសន៍ថា៖ ”ក្រសួងមិនទាន់មានវិធានការយ៉ាងណាទេ ចាំមើលជាក់ស្ដែងយ៉ាងម៉េចយ៉ាងម៉ានោះ (ចាំមើលគណៈកម្មការស្រាវជ្រាវឲ្យរបាយការណ៍មកសិន)”។ លោកឲ្យដឹងទៀតថាក្រសួងបានផ្តល់ថវិកាចំនួន២ម៉ឺនដុល្លារដល់ក្រុមស្រាវជ្រាវលើស្នាមមេដៃនេះ។

កាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្រ្តគណបក្សប្រឆាំងបានហែញត្តិថ្វាយព្រះមហាក្សត្រដោយក្នុងញត្តិនោះមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់។ មួយថ្ងៃបន្ទាប់មក ព្រះមហាក្សត្របានផ្ញើព្រះរាជសារមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីរឿងទទួលញត្តិនិងស្នាមមេដៃរបស់ពលរដ្ឋដែលសុំឲ្យមានព្រះរាជអន្តរាគមន៍លើស្ថានការណ៍នយោបាយបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាឲ្យពិនិត្យនិងស៊ើបអង្កេតលើស្នាមមេដៃទាំងនោះ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ហូរ វ៉ាន់ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថារដ្ឋាភិបាលមិនគួរយករឿងនេះមកធ្វើការស៊ើបអង្កេតទេ ដោយលោកថារដ្ឋាភិបាលគួរគិតពីសំណូមពររបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្ដិតដើម្បីទាមទារឲ្យដោះលែងសកម្មជនដីធ្លី មន្ត្រីការពារសិទ្ធិមនុស្ស អគ្គលេខាធិការរង គ.ជ.ប អ្នកនយោបាយ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង។ លោកមានប្រសាសន៍ថា៖ ”បើសំណូមពរគេសុំឲ្យដោះលែង គេសុំកុំឲ្យរំលោភរដ្ឋធម្មនុញ សុំកុំឲ្យធ្វើទុកបុកម្និញគណបក្សប្រឆាំងកុំឲ្យរករឿងសង្គមស៊ីវិលអីចឹង យើងមើលសំណូមពរហ្នឹងហើយយើង យកសំណូមនេះទៅដោះស្រាយមិនមែនយករឿងមេដៃទៅជារកយកខុសយកត្រូវ អាហ្នឹងខ្ញុំថាមិនមែនជាស្មារតីនៃញត្តិទេ”

គួរបញ្ជាក់ថាក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងកាលពីថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦  លោក ហ៊ុន សែន បានថ្លែងលោកមិនបានចោទថាស្នាមមេដៃទាំងនោះជាស្នាមមេដៃក្លែងក្លាយនោះទេ តែលោកថាចង់ឲ្យមានការស្រាវជ្រាវថាតើស្នាមមេដៃទាំងនោះពិតឬមិនពិត ដោយលោកថាកន្លងទៅមានការក្លែងបន្លំមេដៃជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ