បទយកការណ៍៖ ជនពិការព្រួយបារម្ភពីជីវភាពគ្រួសារក្រោយ​ហាមឃាត់មិន​ឲ្យ​ច្រៀងតាមផ្លូវ

ក្រុមតន្ត្រីសំនៀងសម័យជនពិការ (ដោយ ណាត សុភាព)

ក្រុមតន្ត្រីជនពិការបានទៅប្រគំនៅក្បែរស្តុបនិងផ្សារមួយចំនួននៅរាជធានីភ្នំពេញដើម្បីរៀបរាប់ពីជីវិតក្រលំបាកនិងទុក្ខសោកនានារបស់ខ្លួន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមតន្ត្រីជនពិការបានសម្រេចយកទីតំាងសាធារណៈជាពិសេសនៅតំបន់ក្បែរស្តុបឬផ្សារ ដើម្បីច្រៀងប្រកបមុខរបរចិញ្ចឹមជីវិត។

មុខរបរនេះធ្វើឲ្យអ្នកដំណើរមួយចំនួនចាប់អារម្មណ៍និងជួយផ្តល់លុយដាក់ក្នុងធុងមូលនិធិជនពិការ ដើម្បីឲ្យពួកគេបានយកទៅទ្រទ្រង់ជីវភាពគ្រួសារ។ កាលពីចុងឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានស្នើឲ្យអាជ្ញាធរខ័ណ្ឌទំាងអស់អន្តរាគមន៍មិនឲ្យជនពិការយកទីតំាងសាធារណៈប្រកបរបរចិញ្ចឹមជីវិតទេ ដោយអះអាងថាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ ក្រោយមកសារព័ត៌មាន Fresh News បានចុះផ្សាយថា “ចាប់ពីថ្ងៃទី៣០ ខែមេសានេះ កម្លាំងសមត្ថកិច្ចនឹងធ្វើការរឹបអូសយកឧបករណ៍ប្រគុំតន្ដ្រីទាំងអស់របស់ជនពិការដែលនូវតែរឹងទទឹងមិនព្រមបញ្ឈប់សកម្មភាពនេះ”។

ក្រុមតន្ត្រីសំនៀងសម័យជនពិការ (ដោយ ណាត សុភាព)
ក្រុមតន្ត្រីសំនៀងសម័យជនពិការ (ដោយ ណាត សុភាព)

លើសពីនេះទៀត ក្រោយពីអាជ្ញាធរជូនដំណឹងមិនឲ្យជនពិការយកទីតំាងសាធារណៈប្រកបមុខរបរបន្តទៀតនោះ មិនសូវឃើញមានក្រុមតន្តី្រជនពិការច្រៀងតាមស្តុបឬតាមផ្សារច្រើនដូចសព្វដងនោះទេ។ ប៉ុន្តែថ្មីៗនេះជនពិការមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថាពួកគេមិនសប្បាយចិត្តនោះទេ បន្ទាប់ពីទទួលបានព័ត៌មានពីសាលារាជធានីភ្នំពេញ ហាមជនពិការមិនឲ្យយកទីតំាងសាធារណៈប្រកបមុខរបរចិញ្ចឹមជីវិត។

ស្ថិតក្នុងភាពមើលអ្វីមិនឃើញវ័យ២៩ឆ្នាំ លោក ឈួយ រ៉ាយ មកពីក្រុមតន្ត្រីមូលនិធិជួយជនពិការឈរនៅក្រោយធុងបាសប្រមាណ១០ម៉ែត្រស្ថិតនៅម្តុំផ្សារឯករាជ្យII ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានរៀបរាប់ថាពួកគាត់ត្រូវបានអាជ្ញាធរប្រចំាការនៅម្តុំស្តុបទឹកថ្លា រាជធានីភ្នំពេញ ហាមមិនឲ្យពួកគេប្រគំតន្ត្រីក្បែរស្តុបទៀតទេ ដោយអះអាងថាប៉ះពាល់សណ្តាប់ធ្នាប់សាធារណ។ លោករៀបរាប់ថា៖ ”ខ្ញុំថ្ងៃមុនទៅស្តុប២០០៤ គេស្តីឲ្យដែរ ទៅនៅជិតម្តុំទឹកថ្លា ប៉ូលិសគេព្រមានថាបើសិនជាលេងថ្ងៃក្រោយទៀតដឹងតែមានរឿងហើយ ដល់ពេលខ្ញុំឈប់លេង ដល់ពេលខ្ញុំឃើញអ្នកពិការដាក់ទៀត ក៏ខ្ញុំអត់ទៅដាក់ដែរ ព្រោះអីគេព្រមានខ្ញុំអញ្ចឹង”។

របាយការណ៍របស់អង្គការជនពិការកម្ពុជាបង្ហាញថាបច្ចុប្បន្នមានជនពិការប្រមាណជា១៥ភាគរយនៃប្រជាជនសរុបជាង១៤លាននាក់។ តួលេខនេះខុសពីតួលេខរដ្ឋាភិបាលថាកម្ពុជាមានជនពិការត្រឹមតែ២,១ភាគរយតែប៉ុណ្ណោះ។

ឈរនៅក្រោមឆ័ត្រ ជនពិការភ្នែកម្នាក់ លោក សេង សុខកេង បានរៀបរាប់ទំាងអួលដើមកនៅផ្លូវវេងស្រេងថាពួកគេត្រូវបានអាជ្ញាធរនៅតាមខណ្ឌមួយចំនួនរួមមានខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យជាដើមបានប្រាប់ពួកគេមិនឲ្យយកទីតំាងក្បែរស្តុបច្រៀងបន្តទៀតទេ ដោយថាខ្លាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែលោកថាបំរាមនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ជនពិការរកប្រកបមុខរបរសុច្ចរិត។ លោកមានប្រសាសន៍ថា៖ ”នៅពេលអត់ទាន់ឭពីសាលាក្រុងថាអត់ទាន់បិទ មានអារម្មណ៍ថារីករាយណាស់នៅពេលខ្ញុំមានចំណេះដឹងបន្តិចបន្តួច ខ្ញុំគិតថាគ្រួសារខ្ញុំកូនខ្ញុំនឹងអាចមានអនាគត់ល្អថ្ងៃក្រោយ នៅពេលបានឮដំណឹងថាសាលាក្រុងបិទអញ្ចឹង ខ្ញុំខូចចិត្ត ហើយនៅពេលសួរថាគ្រួសារខ្ញុំ ប្រពន្ធខ្ញុំតេមកខ្ញុំថាឥឡូវកូនបងឯងរើសបាយក្តំាងស៊ីហើយ! អារម្មណ៍របស់ខ្ញុំរន្ធត់ ហើយស្ទើរតែស្រក់ទឹកភ្នែក អារម្មណ៍ក្តុកក្តួល គិតថាខ្លួននឹងមានអនាគតល្អអាចជួយកូនរៀនបានចំណេះដឹងបន្តិចបន្តួចដល់ពេលបានទទួលដំណឹងពីសាលាក្រុងថានឹងបិទ មានអារម្មណ៍ថាបាក់ទឹកចិត្ត”។

ជនពិការភ្នែកម្នាក់ទៀត កញ្ញា វឿន ស្រីតេង មកពីក្រុមតន្ត្រីសំនៀងសម័យជនពិការបានឲ្យដឹងថាក្រុមតន្ត្រីពួកគាត់ចាប់ផ្តើមប្រគំនៅម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់និងពេលរសៀលចាប់ពីម៉ោង៤រហូតដល់ម៉ោង៧យប់។ កញ្ញាបញ្ជាក់ថាក្នុងមួយថ្ងៃក្រុមរបស់ពួកគេអាចរកប្រាក់បានចន្លោះពី១០ម៉ឺនដល់២០ម៉ឺនរៀល សម្រាប់ទ្រទ្រង់គ្រួសារពួកគេបានរស់នៅសមរម្យ។

អង្គុយលើកៅអីក្បែរចិញ្ចើមផ្លូវ ពិការភ្នែកទំាងគូ ដៃម្ខាងកាន់មេក្រូត្រៀមច្រៀងចំរៀង លោក ទ្បេង វណ្ណៈ បានរៀបរាប់ថាបើសាលារាជធានីភ្នំពេញហាមឃាត់មិនឲ្យជនពិការយកទីតំាងសាធារណៈច្រៀង លោកថានឹងធ្វើឲ្យពួកគេជួបបញ្ហាប្រឈមនៅក្នុងគ្រួសារ។ លោកមានប្រសាសន៍៖ ”គេតែងតែលើកពីដើមមក គេថាហេតុអីចេះរស់ បាទរស់ដែរ រស់ជាមួយម៉ែ ឪ នៅពីក្មេងគាត់ចិញ្ចឹម តែឥឡូវម៉ែ ឪ គាត់ចាស់ហើយ ខ្លះគាត់អាយុ៥០ អាយុ៦០អីហើយ យើងជាកូនត្រូវរកស៊ីខ្លួនឯង គឺថាដើរច្រៀងតាមស្តុប គេឲ្យតិចតួច ដើម្បីរស់ខ្លួនឯងខ្លះ ហើយបើគាត់បិទទៅ ពួកគាត់ទំាងអស់គ្នា សុទ្ធតែចប់ហើយ ចប់ដោយគ្មានវាចាទេ បើអត់មានអីចិញ្ចឹមជីវិតរបស់គាត់ទេ”។

នាយករដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបដិសេធថាអាជ្ញាធរមិនបានចុះចាប់ជនពិការនៅតាមភ្លើងស្តុបនោះទេ ដោយអាជ្ញាធរគ្រាន់តែមិនអនុញ្ញាតឲ្យពួកគេច្រៀងនៅតាមដងផ្លូវ ដោយលើកហេតុផលថាធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម។ លោកស្នើឲ្យជនពិការទាក់ទងជាមួយគណៈកម្មការជាតិដើម្បីជនពិការ ដើម្បីដោះស្រាយបញ្ហាខ្វះខាតរបស់ពួកគាត់។ លោកបន្ថែមថា៖ គេអោយគាត់ធ្វើការជាមួយគណៈកម្មការជាតិដើម្បីជនពិការហ្នឹង ចឹងលទ្ធភាពជារួមថាតើអង្កការគាត់មានបញ្ហាអីតម្រូវការអី ដើម្បីថាគណៈកម្មការជាតិអាចជួយអីបាន ហើយសាលារាជធានីអាចមានលទ្ធភាពអី យើងធ្វើការងារក្រោមរូបភាពអីចឹងវិញ

ប្រធានអង្គការសកម្មភាពលើជនពិការដើម្បីអភិវឌ្ឍន៍កញ្ញា នូ វ៉ានី ហៅសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញមិនឲ្យជនពិការច្រៀងតាមទីសាធារណៈនោះរំលោភលើច្បាប់ជាតិនិងអន្តរជាតិ ដោយកញ្ញាថាជនពិការដែលច្រៀងនោះមិនមែនបង្កឧបសគ្គដល់សង្គមជាតិនោះទេ ពោលជាអ្នកលើកស្ទួយវិស័យសិល្បៈទៅវិញ។ កញ្ញាបន្តថា៖ “ច្បាប់ជនពិការចែងថា ជនពិការអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតមុខរបរអាជីបផ្ទាល់ខ្លួន មួយទៀតវាមិនខុសពីអនុសញ្ញាស្តីពីសិទ្ធិជនពិការអន្តរជាតិគឺគេនិយាយថាជនពិការមិនមែនជាឧបសគ្គនៅក្នុងសង្គមទេ សង្គមជាឧបសគ្គសម្រាប់ជនពិការ នេះឆ្លុះបញ្ចំាងឲ្យឃើញថា កាលដែលថាជនពិការគាត់លេងនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់សង្គមវាមិនមែនទេ គឺសង្គមទេដែលជាឧបសគ្គសម្រាប់ជនពិការវិញ“។

ទឹកមុខមាត់មំា ពាក់វែនតាខ្មៅ ឈរនៅក្រោមឆ័ត្រ អ្នកស្រី ច័ន្ទ បូរមី ដែលមានកូន៦ខែក្នុងបន្ទុក បានរៀបរាប់ទំាងអារម្មណ៍ខឹងសម្បារថា បើអាជ្ញាធរមិនឲ្យពួកគេច្រៀងតាមទីសាធារណៈទៀត អ្នកស្រីថានឹងសម្រេចចិត្តទៅសុំទាន ដោយថាគាត់គ្មានសមត្ថភាពធ្វើការងារក្រៅពីមុខរបរអ្នកចម្រៀងទេ ព្រោះខ្លួនពិការភ្នែកទំាងគូ។

អ្នកស្រីលើកឡើងថា៖ ”និយាយទៅគ្មានធំអីជាងកូន ក្រពះខ្លួនឯងផង បើសិនជាឧទាហរណ៍ថា គេបិទ គេរឹតបន្តឹងមែនទែន ខ្ញុំមានតែបីកូនខ្ញុំសុំទាន ខ្ញុំសុំតាមស្តុបវិញ បើគេសួរថា មូលហេតុអ្វីបានជាសុំទាន ឈប់ច្រៀង ប្រាប់អញ្ចឹងឯង មកពីគេហាមឃាត់ គេរារំាង អញ្ចឹងមានតែយើងសុំទាន”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ