កម្មកររោងចក្រនៅកំពង់ឆ្នាំងរាប់ពាន់នាក់បាតុកម្មទាមទារលក្ខខណ្ឌការងារ

កម្មកររាប់ពាន់នាក់នៅរោងចក្រ ខេន ស្ព័តស៊ូ ស្ថិតក្នុងស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំង តវ៉ានៅព្រឹកថ្ងៃ​ពុធនេះ(រូបថតផ្តល់​ឲ្យ​)

កម្មកររាប់ពាន់នាក់នៅរោងចក្រ ខេន ស្ព័តស៊ូ ស្ថិតក្នុងស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ បានបន្តតវ៉ាទាមទារឲ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារមួយចំនួន។

តំណាងកម្មករអ្នកស្រី អាំ ស្រីនិច ប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃពុធនេះថាកម្មករប្រមាណ៧ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ១១ចំណុចរយៈពេល៤ថ្ងៃហើយ តែមិនទាន់មានដំណោះស្រាយនោះទេ។ អ្នកស្រីបន្ថែមថាលក្ខខណ្ឌ១១នោះរួមមានទាមទារឲ្យក្រុមហ៊ុនផ្តល់រង្វាន់លើកចិត្តដល់កម្មករដែលធ្វើការលើសម៉ោងកំណត់ ស្នើឲ្យក្រុមហ៊ុនដាក់កណ្តឹងម៉ោងរោទិ៍ពេលចេញចូលធ្វើការ កុំឲ្យក្រុមហ៊ុនកាត់លុយពេលកម្មករចេញឬចូលធ្វើការខុសម៉ោងតិចតួច កុំដាក់គំនាបឲ្យកម្មករធ្វើការលើសចំនួនកំណត់ ស្នើឲ្យក្រុមហ៊ុនជួយដោះស្រាយករណីកម្មករបាត់លុយនិងសុំឲ្យក្រុមហ៊ុនរក្សាប្រាក់អតីតភាពចំពោះកម្មករណាដែលគាត់ប្តូរឯកសារជាដើម។

កម្មករផ្នែកដេរ អ្នកស្រី ឡាយ ស្រីម៉ា ប្រាប់វីអូឌីថាកន្លងមក រោងចក្របានដាក់គំនាបឲ្យកម្មករធ្វើការលើសកំណត់ ដោយសន្យាផ្តល់ប្រាក់លើកទឹកចិត្ត ប៉ុន្តែអ្នកស្រីថាពេលកម្មករធ្វើលើសម៉ោង ក្រុមហ៊ុនមិនបានធ្វើតាមសន្យានោះទេ។ អ្នកស្រីបានចោទថាបុគ្គលិកជនជាតិចិនតែងតែជេរប្រមាថដល់កម្មករពេលធ្វើការខុសតិចតួច។ អ្នកស្រីបន្ថែមថា៖ “ជេរពួកខ្ញុំម៉្ងៃៗអត់អស់ចំនួនជេរ ដល់តែរង្វាន់លើកទឹកចិត្ត អត់ព្រមឲ្យពួកខ្ញុំទេ ពួកខ្ញុំធ្វើបាន (តែគេ)ថាពួកខ្ញុំធ្វើមិនដល់គោលដៅកំណត់ ដល់តែពួកខ្ញុំដល់គោលដៅកំណត់យកលេសថាពួកខ្ញុំគ្នាច្រើនពេក បានជាគេមិនឲ្យ(លុយ)។ ដល់តែសួរឬសគល់មែនទែនទៅ វាថាអគារពួកខ្ញុំOrder(កម្មង់)ផ្សេងគ្នា ដល់ពេលអញ្ចឹងមិនដឹងថាក្រុមម៉េចទេ”។

វីអូឌីមិនអាចទាក់ទងប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោក ស៊ិង រតនានិងប្រធានរដ្ឋបាលរោងចក្រខេន ស្ព័តស៊ូ លោក សុះ មើរ បាននៅឡើយទេនៅថ្ងៃពុធនេះ។ ចំណែកអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ថាកំពុងជាប់រវល់ប្រជុំ។

អគ្គលេខាធិការនៃសហព័ន្ធសហជីពកម្មករកម្ពុជា លោក ឃិន សុខន ដែលចុះដោះស្រាយផ្ទាល់មានប្រសាសន៍ថាលក្ខខណ្ឌដែលកម្មករទាមទារនោះគឺតិចតួចដែលលោកថាមិនមានសំពាធធ្ងន់លើក្រុមហ៊ុននោះទេ។ លោកស្នើឲ្យក្រុមហ៊ុនគួរតែពន្លឿនការដោះស្រាយជូនកម្មករឲ្យបានឆាប់។ លោកស្នើឲ្យក្រុមហ៊ុនដាក់កណ្តឹងរោទិ៍ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យកម្មករចេញខុសម៉ោងហើយមានការកាត់លុយ។ លោកបន្ថែមថា៖ “ខ្ញុំគិតថាក្រុមហ៊ុនប្រហែលមានចេតនាមួយចង់កាត់លុយកម្មករហើយ ព្រោះធម្មតាកម្មករតែឭកណ្តឹងពួកគាត់ឆូតកាត់ហើយ ពេលដែលឆូតកាតទៅ វាត្រូវបាត់ម៉ោងក្រុមហ៊ុន អញ្ចឹងក្រុមហ៊ុនត្រូវកាត់លុយគាត់។ អញ្ចឹងសុំឲ្យក្រុមហ៊ុនរោទិ៍កណ្តឹងត្រូវតាមពេលវេលា កុំឲ្យឆូតទៅបាត់ម៉ោង កាត់លុយកម្មករទៀត”។ លោកបន្ថែមថារហូតមកដល់ពេលនេះ សហជីពរបស់លោកកំពុងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ចប់ទំនាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ