បក្សប្រឆំាងថា​អង្គភាពប្រឆំាងអំពើពុករលួយគួរ​ស៊ើបអង្កេតគ្រួសារត្រកូលហ៊ុន ​រឿងធ្វើជំនួញ​

គណបក្សប្រឆំាងលើកឡើងថាអង្គភាពប្រឆំាងអំពើពុករលួយគួរតែធ្វើការស៊ើបអង្កេត បន្ទាប់ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស (Global Witness) បានរកឃើញថាសមាជិកគ្រួសារត្រកូលហ៊ុន របស់នាយករដ្ឋមន្រ្តីខ្មែរ មានកាន់កាប់ច្រើនក្រុមហ៊ុនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះលោក អេង ឆៃអ៊ាង ថ្លែងថាគណបក្សសង្គ្រោះជាតិមិនមានសមត្ថកិច្ចលើរឿងនេះទេ លោកថាទុកឲ្យអង្គភាពប្រឆំាងអំពើពុករលួយជាអ្នកស៊ើបអង្កេតលើករណីនោះ។ លោកបន្តថា៖ ករណីព័ត៌មានដែលគ្លូបល វីតណេស (Global Witness) បានចេញផ្សាយហើយសារព័ត៌មានជាច្រើនបានយកទៅផ្សាយ ខ្ញុំសូមទុកសមត្ថកិច្ចឲ្យអង្គភាពប្រឆំាងអំពើពុករលួយ ព្រោះអង្គភាពប្រឆំាងអំពើពុករលួយជាអ្នកធ្វើការទៅភារកិច្ចរបស់ខ្លួនមកដល់ហើយ សម្រាប់ពួកខ្ញុំអត់មានភារកិច្ចអីពាក់ព័ន្ធទេ

VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីប្រធានអង្គភាពប្រឆំាងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ ដោយលោកថាជាប់រវល់ប្រជុំ។

នៅថ្ងៃព្រហស្បតិ៍នេះ អង្គការ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានចេញផ្សាយរបាយការណ៍មួយដែលមានឈ្មោះថា Hostile Takeover ហើយរបាយការណ៍នេះបានឲ្យដឹងថា  ក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែ និងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។

របាយការណ៍បញ្ជាក់ថា៖ នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់ និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា

របាយការណ៍ដដែលបន្ថែមថា ក្រុមហ៊ុនទាំងនេះត្រួតត្រាវិស័យសំខាន់ភាគច្រើននៃសេដ្ឋកិច្ច ដោយមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា Apple, Nokia, Visa, Unilever, Procter & Gamble, Nestle, Durex, និង Honda ជាដើម។

ប៉ុន្តែក្រុមគ្រួសារត្រកូលហ៊ុន រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោកស្រី ហ៊ុន ម៉ាណា បានសរសេរនៅលើហ្វេសប៊ុករបស់ពួកគេដោយចាត់ទុករបាយការណ៍របស់អង្គការអន្តរជាតិនេះថា ចង់បំផ្លាញឪពុករបស់ពួកគេមុនពេលបោះឆ្នោត។ ក្រុមគ្រួសារត្រកូលហ៊ុន ក៏បានរិះគន់សារព័ត៌មានមួយចំនួនដែលផ្សាយរឿងនេះផងដែរ។

ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយលោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថាស្ថាប័នជំនាញពីរដែលមានសមត្ថកិច្ចស៊ើបអង្កេតលើករណីនេះរួមមាន អង្គភាពប្រឆំាងអំពើពុករលួយនិងអាជ្ញាធរសវនកម្មជាតិ។ លោកស្រីថា បើស្ថាប័នរដ្ឋទំាងនោះមិនធ្វើការស៊ើបអង្កេតប្រមូលព័ត៌មានវាស់វែងជាមួយរបាយការណ៍អង្គការគ្លូបល វីតណេស (Global Witness) ដើម្បីបង្ហាញសាធារណៈជនទេ នោះនឹងធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាអាចនឹងមានអំពើពុករលួយ។ លោកស្រីបន្ថែមថា៖ ត្រូវតែធ្វើការត្រួតពិនិត្យទៅ ដើម្បីឲ្យមានតម្លាភាព ឲ្យមានជំនឿជាក់ពីប្រជាពលរដ្ឋ ពីមន្ត្រីក្រោមឱវាទ គឺត្រូវធ្វើការផ្ទៀងផ្ទាត់ឬធ្វើសេចក្តីថ្លែងការណ៍មួយបកស្រាយជាសាធារណៈ ដើម្បីឲ្យគេដឹងថាខ្លួនអត់មានការពាក់ព័ន្ធនឹងអំពើពុករលួយ ដូចការចោទរបស់គ្លូបល វីតណេស (Global Witness) វាចំាបាច់ណាស់តែអញ្ចឹង ដើម្បីកុំឲ្យជំនឿលើប្រព័ន្ធច្បាប់ ប្រព័ន្ធគ្រប់គ្រង

កាលពីឆ្នាំ២០១១ សម្តេច ហ៊ុន សែន ធ្លាប់ប្រកាសថាប្រាក់បៀវត្សរ៍របស់លោកមានចំនួន១១៥០ដុល្លារក្នុងមួយខែហើយលោកថានេះជាប្រភពចំណូលតែមួយគត់។

គួរបញ្ជាក់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំជាង៣០ឆ្នាំមកនេះ ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ