ក្រុមហ៊ុន Toyota Motor មានទីតាំងនៅក្នុងប្រទេសថៃបានសម្រេចកាត់កម្លាំងពលកម្មចំនួន៨០០នាក់ ដើម្បីកាត់បន្ថយការចំណាយ ដោយសារតែតម្រូវការនៃការផលិតមានការធ្លាក់ចុះ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធជប៉ុន Toyota Motor ផលិតសម្រាប់តម្រូវការក្នុងស្រុកថៃបានរៀបចំការកាត់បន្ថយកម្លាំងពលកម្ម ដោយសំដៅអ្នកធ្វើការងារបណ្តោះអាសន្នមិនពេញសិទ្ធិចំនួន១៥%ស្មើនឹង៨០០នាក់នៃចំនួនកម្លាំងពលកម្មសរុប១៥ ០០០នាក់នៅក្នុងរោងចក្រ៣ដាច់ដោយឡែកពីគ្នា។
កម្មករបណ្តោះអាសន្ននៅក្នុងរោងចក្រនេះធ្វើការក្នុងលក្ខខណ្ឌប្រហាក់ប្រហែលបុគ្គលិកពេញម៉ោងដែរ។ នេះបើតាមគេហទំព័រ Asia Review។
សេដ្ឋកិច្ចនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយធ្វើឲ្យការលក់រថយន្តរបស់ក្រុមហ៊ុននេះក៏ធ្លាក់ចុះដែរក្នុងរយៈពេល២ឆ្នាំកន្លះនេះ។ ក្រុមហ៊ុនផ្សេងគឺលក់ចេញរថយន្តបានតិចដោយសារការបញ្ចប់កត្តាអនុគ្រោះពន្ធដែលរដ្ឋាភិបាលមុនផ្តល់ឲ្យកាលពីឆ្នាំ២០១២។ ចំនួនការលក់៥ខែដំបូងនៅឆ្នាំ២០១៦នេះ ក្រុមហ៊ុន Toyota Motor លក់ចេញបានចំនួន៣០០ ០០០គ្រឿង គឺចំនួននេះធ្លាក់ចុះ៥០% បើប្រៀបធៀបការរំពឹងទុកកាលពីឆ្នាំ២០១៥ ម្យ៉ាងទៀតការនាំចេញក៏ធ្លាក់ចុះផងដែរ។
Toyota គឺជាក្រុមហ៊ុនដែលលក់រថយន្តថ្មីៗដាច់ជាងគេនៅក្នុងប្រទេសថៃ ប៉ុន្តែចាប់ពីខែមករារហូតដល់ខែឧសភាឆ្នាំនេះការលក់បានធ្លាក់ចុះ៕