ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានសម្រេចលុបចោលគម្រោងធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សនិងអគ្គលខាធិការរងគ.ជ.ប ក្រោយពេលជួបប្រជុំជាមួយសាលារាជធានី។
កាលពីថ្ងៃទី ១៩ ឧសភា លោក ម៉ម សូណង់ដូ បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៩ កក្កដា ទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីអាដហុកទាំង៤នាក់ រួមទាំងអគ្គលេខាធិការរងគ.ជ.បម្នាក់។ នៅថ្ងៃទី៦ កក្កដា លោកត្រូវបានសាលារាជធានីកោះប្រជុំដើម្បីពិភាក្សាលើសំណើរបស់ក្នុងការធ្វើបាតុកម្មនេះ ជាលទ្ធផលសាលារាជធានីបានសម្រេចមិនឲ្យលោក ម៉ម សូណង់ដូរធ្វើបាតុកម្មនោះទេ។
លោក ម៉ម សូណង់ដូ ប្រាប់វីអូឌីនៅថ្ងៃសុក្រនះថាចំពោះគម្រោងរបស់លោកក្នុងការធ្វើបាតុកម្មនៅថ្ងៃស្អែកនេះគឺលោកសម្រេចរំសាយដោយលោកថាដោយសារតែមិនមានការអនុញ្ញាតពីសាលារាជធានី។ តែលោកថាលោកនៅតែមានជំហរដដែលគឺនៅតែចង់ឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង៤រូប និងអគ្គលេខាធិការរងគ.ជ.ប ។
លោកមានប្រសាសន៍ថា៖ “មួយទៀតរឿងបាតុកម្មហ្នឹងពូមិនខ្លាចទេ អូនដឹងពូហើយ។ ប៉ុន្តែប្រសិនជាស្អែក ពូធ្វើបាតុកម្ម គេវ៉ៃតែពូមួយមិនអីទេ ក្រែងលោកប្រជាពលរដ្ឋដែលជ្រុលនិយមចូលទៅអាញ៉េអាញ៉ៃ វាមានគ្រោះថ្នាក់អាហ្នឹងពូមានបញ្ហាទៀតហើយ។ អញ្ចឹងបានពូមិនអាចធ្វើអ្វី ដែលផ្ទុយពីសំណូមពរពីសាលាក្រុងបានទេ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានប្រាប់វីអូឌីកាលពីថ្ងៃទី៧ កក្កដា ថាសាលារាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតមានបាតុកម្មនេះក៏ព្រោះតែ គោលបំណងនិងចរិតលក្ខណៈនៃបាតុកម្មនេះមានលក្ខណៈប្រឆាំងនិងច្បាប់ ហើយការមិនអនុញ្ញាតនេះមិនមែនតែលោក ម៉ម សូណង់ដូទេ ដែលសាលារាជធានីបានបដិសេធ។
លោកបញ្ជាក់ថា៖ “ដែលច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី មាត្រាទី៩បានចែងថា នៅពេលដែលអាជ្ញាធរមើលឃើញបាតុកម្មនោះប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពគឺយើងមានសិទ្ធិមិនផ្តល់ជូន។ ហើយខ្ញុំប្រមើលមើលទៅឃើញថា វាមានបញ្ហា។ ដោយក្រសួងមហាផ្ទៃគាត់បានចេញគោលការណ៍ណែនាំទាក់ទងទៅនឹងយុទ្ធនាការអាវខ្មៅ សុំឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សហ្នឹងដែរ”។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្ត្រីគ.ជ.បពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្ត្រីអាដហុក៤ រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណាត់ការរបស់តុលាការធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សីនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវចោទថាជាស្រីកំណាន់របស់លោក កឹម សុខា។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
បើរកឃើញកំហុស ពួកគេអាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ កន្លងទៅ សហភាពអឺរ៉ុបបានអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សទាំងនោះ។ នៅរៀងរាល់ថ្ងៃចន្ទ សង្គមស៊ីវិលនិងប្រជាពលរដ្ឋមួយចំនួនបានចេញយុទ្ធនាការពាក់អាវខ្មៅជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យដោះលែងមន្រ្តីការពារសិទ្ធិមនុស្សទាំងនេះ៕