សាកលវិទ្យាល័យជាតិគ្រប់​គ្រងច្រានចោលការចោទប្រកាន់​ថា​ជាប់ពាក់ព័ន្ធ​នឹង​ការ​លួចចម្លង​ស្នាដៃ

អគារសាកលវិទ្យាល័យជាតិគ្រប់គ្រង(រូបថតពីហ្វេសប៊ុក​សាកលវិទ្យាល័យជាតិគ្រប់គ្រង)

សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)បានច្រានចោលការចោទប្រកាន់ថាតំណាងសាកលវិទ្យាល័យនេះបានលួចចម្លងស្នាដៃអ្នកដទៃមកចងក្រងជាស្នាដៃរបស់ខ្លួននៅក្នុងសៀវភៅដែលមានចំណងជើងថា”នីតិភស្តុតាង”។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ម្ចាស់តូបលក់សៀវភៅនៅខាងត្បូងវិទ្យាល័យបឹងកេងកង លោក ភូ ភក្តី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយប្តឹង លោក ផាត់ ពៅស៊ាង លោក ផាត់ រតនៈ លោកស្រី ផាត់ សុគន្ធា លោក ហេង សម្បត្តិនិងតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងថាបានលួចចម្លងស្នាដៃដើមដែលម្ចាស់តូបលក់សៀវភៅនេះបានទទួលសិទ្ធិបោះពុម្ពផ្សាយ។ លោក ភូ ភក្តី បញ្ជាក់ក្នុងពាក្យបណ្តឹងថាអ្នកទាំងនោះជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងជាមេធាវីផងដែរ។

ក្នុងពាក្យបណ្តឹងនោះ លោក ភូ ភក្តី រៀបរាប់ថានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ លោកបានទទួលសិទ្ធិពីលោក អ៊ិន បូផា អ្នកនិពន្ធសៀវភៅ“នីតិភស្តុតាង” ដែលសៀវភៅនេះបានបោះពុម្ពរួចម្តងហើយកាលពីឆ្នាំ២០១២។ លោកបន្តថាលោកបានសិទ្ធិបោះពុម្ពផ្សាយនិងរៀបចំជាសៀវភៅអេឡិចត្រូនិច ដោយបែងចែកភាគលាភ៥០ភាគរយម្នាក់ជាមួយម្ចាស់ស្នាដៃ។ បើតាមពាក្យបណ្តឹងនោះ ម្ចាស់តូបលក់សៀវភៅ បានប្តឹងទាមទារឲ្យអ្នកទាំងនោះផ្តល់សំណងជំងឺចិត្ត៤ម៉ឺនដុល្លារក្នុងម្នាក់ៗនិងបានស្នើឲ្យតុលាការផ្តន្ទាទោសអ្នកទាំងនោះតាមច្បាប់។

ទោះយ៉ាងណា ក្រោយពីមានការចុះផ្សាយព័ត៌មានទាក់ទងនឹងពាក្យបណ្តឹងនេះ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃទី៨ ខែកក្កដា ដោយថាស្ថាប័នមួយនេះមិនជាប់ពាក់ព័ន្ធនឹងការរៀបរៀងសៀវភៅនេះនោះទេ។ សេចក្តីបំភ្លឺសរសេរទៀតថាការចោទប្រកាន់របស់ម្ចាស់តូបលក់សៀវភៅគឺជា“ចេតនាបង្ខូចកិត្តិយសស្ថាប័ន”។ សាកលវិទ្យាល័យបានឲ្យដឹងក្នុងសេចក្តីបំភ្លឺដែរថាសាស្រ្តាចារ្យមួយចំនួនដែលត្រូវបានអញ្ជើញឲ្យទៅបង្រៀននៅក្នុងសាកលវិទ្យាល័យតែតែងយកឈ្មោះសាកលវិទ្យាល័យទៅឧទ្ទេសនាមក្នុងការបង្រៀន ការស្រាវជ្រាវនិងរៀបតែងកិច្ចបង្រៀនក្នុងនាមបុគ្គល។

ស្ថាប័នអប់រំកម្រិតឧត្តមសិក្សាមួយនេះក៏ទាមទារឲ្យម្ចាស់តូបសៀវភៅបញ្ឈប់ការចោទប្រកាន់លើសាកលវិទ្យាល័យនេះ បើមិនដូចនោះទេ សាកលវិទ្យាល័យនេះថានឹងចាត់វិធានការតាមផ្លូវច្បាប់។

លោកសាស្រ្តាចារ្យ អ៊ិន បូផា ម្ចាស់សៀវភៅ“នីតិភស្តុតាង”បោះពុម្ពលើកទី១ ក្នុងឆ្នាំ២០១២និងបានលក់សិទ្ធិបោះពុម្ពឲ្យលោក ភូ ភក្តី ប្រាប់វីអូឌីកាលពីថ្ងៃព្រហស្បតិ៍ថាលោកបានអានសៀវភៅ“នីតិភស្តុតាង” ដែលបោះពុម្ពនៅឆ្នាំ២០១៦នេះម្តងនិងលោកថាលោករកឃើញថាបានចម្លងខ្លឹមសាររបស់សៀវភៅលោកនិងសូម្បីតែពាក្យដែលលោកបានសរសេរខុស ក៏ក្នុងសៀវភៅថ្មីនោះមានដែរ។ លោកចាត់ទុកថានេះជាការលួចចម្លងស្នាដៃរបស់លោក។ លោកបន្ថែមថា៖ “បើសម្រាប់អ្នកលួចចម្លង ហើយនិងខ្ញុំនេះ បើគិតទៅសម្រាប់អ្នកនិពន្ធដើម គេហៅថា អ្នកនិពន្ធដែលលួចចម្លងហ្នឹងអសីលធម៌ណា ខ្ញុំថារឿងនេះ គេប្តឹងហ្នឹងមិនខុសទេ ប៉ុន្តែរឿងខ្ញុំថាអ្នកដែលលួចចម្លងហ្នឹងចរចាជាមួយអ្នកប្តឹងហ្នឹង ដើម្បីកុំឲ្យរឿងវែងឆ្ងាយ ព្រោះអីមើល(ខ្លឹមសារ)វាឃើញ(ថាចម្លង)សឹងទាំងអស់ហើយ”

មេធាវីការពារក្តីឲ្យលោក ភូ ភក្តី គឺកញ្ញា ជីវ ឡេងហួង ប្រាប់វីអូឌីកាលពីថ្ងៃព្រហស្បតិ៍ថាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរភាគីទាំងសងខាងតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ទាក់ទងនឹងសំណុំរឿងនេះ។ កញ្ញាបន្តថាភាគីទាំងពីរកំពុងរង់ចាំនីតិវិធីបន្តរបស់ព្រះរាជអាជ្ញា។ កញ្ញាបន្ថែមថា៖ “ ខ្ញុំអត់ដឹងថាយ៉ាងម៉េចដែរ ព្រោះឥឡូវយើងធ្វើតែតាមផ្លូវច្បាប់ យើងអត់អាចដឹងថាសំណុំរឿងហ្នឹងយ៉ាងម៉េចៗទេ ព្រោះសំខាន់យើងគ្រាន់តែដាក់ពាក្យបណ្តឹង ការសម្រេចគឺស្រេចទៅលើព្រះរាជអាជ្ញា ហើយគេធ្វើការស៊ើបសួរបន្តទៀតតាមនីតិវិធីផ្លូវច្បាប់អីអ៊ីចឹងណាបង”

ទោះយ៉ាងណា សាស្រ្តាចារ្យម្នាក់ក្នុងចំណោមសាស្រ្តាចារ្យផ្សេងទៀតដែលរកការចោទប្រកាន់ គឺលោក ផាត់ ពៅស៊ាង បានប្រាប់វីអូឌីកាលពីថ្ងៃទី៧ ខែកក្កដា ថាការចោទប្រកាន់នេះជារឿងមិនពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ