ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា មនុស្សយ៉ាងតិច ១១នាក់ បានស្លាប់ នៅពេលមហាជនដែលផ្ទុះកំហឹងចំពោះការសម្លាប់សកម្មប្រយុទ្ធផ្ដាច់ខ្លួនម្នាក់នោះ បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសនៅរដ្ឋកាស្មៀ និងចាមមូរបស់ឥណ្ឌា កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានដុតបំផ្លាញអគារ និងបិទផ្លូវនានា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្ដីក្រុមមន្ត្រីសន្តិសុខ ដែលបាននិយាយថា ពួកបាតុករបានដុតបំផ្លាញស្ថានីយ៍ប៉ូលិស ៣កន្លែង និងអគាររដ្ឋាភិបាល ២កន្លែងទៀត នៅភាគខាងត្បូងនៃទីក្រុងស្រ៊ីណាហ្គា ហើយមន្ត្រី ៣នាក់ កំពុងបាត់ខ្លួននៅក្នុងអំពើហិង្សានោះ។
ក្រុមបះបោរនៅតំបន់កាស្មៀ បានចោទប្រកាន់ប៉ូលិសថាបានប្រើប្រាស់កម្លាំងហួសហេតុបង្ក្រាបទៅលើការតវ៉ានោះ។
បាតុកម្មនោះ បានផ្ទុះឡើងតែមួយថ្ងៃក្រោយពីភ្នាក់ងារសន្តិសុខ បានបាញ់សម្លាប់សកម្មជនបះបោរវ័យ ២២ឆ្នាំ ឈ្មោះ Burhan Wani ដែលបានអំពាវនាវនៅបណ្ដាញសង្គមឲ្យប្រជាជនកាន់អាវុធ។ យុវជនម្នាក់នេះ បានដឹកនាំចលនាមួយដែលជាក្រុមតស៊ូប្រយុទ្ធនៅក្នុងតំបន់កាស្មៀ ដែលសម្បូរទៅដោយជនមូស្លីម។
មរណភាពរបស់សកម្មជនរូបនេះ បានកើតឡើងចំពេលមានកំណើនអំពើហិង្សា និងការខឹងសម្បារពីសំណាក់ពួកផ្ដាច់ខ្លួននៅទូទាំងរដ្ឋកាស្មៀ ដែលជាចំណុចស្លាប់រស់រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន៕