ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោធាកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទនេះបានព្រមានថានឹងវាយប្រហារតបតវិញចំពោះការសម្រេចរបស់អាមេរិកនិងកូរ៉េខាងត្បូងក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅឧបទ្វីបកូរ៉េ។
អាមេរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានអះអាងថាពួកគេឯកភាពគ្នាដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់កូរ៉េខាងជើង។
នេះគឺជាការសម្រេចថ្មីបំផុតរបស់កូរ៉េខាងត្បូងនិងអាមេរិកប្រឆាំងទៅនឹងកូរ៉េខាងជើងដែលបានសាកល្បងនុយក្លេអ៊ែររបស់ខ្លួនចំនួន៤លើករួចមកហើយនៅក្នុងឆ្នាំនេះ ហើយថែមទាំងបាញ់គ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយផងដែរ ដែលនាំឲ្យមានទណ្ឌកម្មថ្មីបន្ថែមទៀតពីសំណាក់អង្គការសហប្រជាជាតិទៅលើរបបគ្រប់គ្រងក្រុងព្យុងយ៉ាង។
យោធាកូរ៉េខាងជើងនិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាក្រុងព្យុងយ៉ាងនឹងចាត់វិធានការតបតវិញក្នុងពេលឆាប់ៗដរាបណាប្រព័ន្ធការពារមីស៊ីលអាមេរិកត្រូវបាននាំយកទៅដំឡើងនៅកូរ៉េខាងត្បូង។
កូរ៉េខាងជើងតែងតែគំរាមកំហែងវាយប្រហារជាញឹកញាប់ទៅលើកូរ៉េខាងត្បូងនិងផលប្រយោជន៍អាមេរិកនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
ចំណែកការសម្រេចដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលដែលនាំឲ្យមានការតវ៉ាយ៉ាងស្រួចស្រាវពីចិននោះ បានកើតឡើងមួយថ្ងៃក្រោយពីអាមេរិកសម្រេចដាក់មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ចូលក្នុងបញ្ជីខ្មៅនៃជនរំលោភបំពានសិទ្ធិមនុស្ស៕