សាលាបឋមសិក្សារាប់រយកន្លែងនៅប្រទេសអង់គ្លេសនឹងត្រូវដាក់ឲ្យបង្រៀនទៅតាមរបៀបបង្រៀនរបស់អាស៊ីសម្រាប់មុខវិជ្ជាគណិតវិទ្យាក្នុងផែនការមានតម្លៃជាង៥៤លានដុល្លារ ដើម្បីជំរុញកម្រិតចំណេះដឹងរបស់សិស្សនៅទូទាំងប្រទេស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថាវិធីសាស្ត្របង្រៀនដែលកំពុងប្រើប្រាស់នៅសៀងហៃ សិង្ហបុរី និងហុងកុងនោះ ត្រូវបានគេទទួលយកនៅតាមសាលាមួយចំនួនរួចហើយ។ មូលនិធិថ្មីនេះត្រូវគេរំពឹងថានឹងសម្រួលដល់ការប្រើប្រាស់វិធីសាស្ត្របង្រៀនបែបអាស៊ីនេះឲ្យកាន់ទូលំទូលាយជាងមុន។
យោងតាមសារព័ត៌មាន BBC បានដកស្រង់សម្ដីក្រសួងអប់រំអង់គ្លេសដែលបាននិយាយថា វិធីសាស្ត្របង្រៀនថ្មីនេះតម្រូវឲ្យសិស្សត្រូវអង្គុយរៀននៅក្នុងថ្នាក់រួមគ្នានិងមានសៀវភៅមេរៀនផងដែរ។
ក្រសួងអប់រំបន្ថែមថាកូនសិស្សត្រូវបានគេលើកទឹកចិត្តឲ្យប្រើប្រាស់ឧបករណ៍និងរូបភាព ដើម្បីបកស្រាយពីលេខនិងរូបសញ្ញានិងមើលឃើញពីទ្រឹស្តីបទខ្លីៗ។
យោងតាមសារព័ត៌មាន The Guardian បានឲ្យដឹងថារដ្ឋមន្ត្រីអប់រំអង់គ្លេសលោក Nick Gibb បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃកាលពីខែមីនាកន្លងមក ដើម្បីមើលពីរបៀបនាំយកវិធីសាស្ត្របង្រៀនបែបនេះទៅអនុវត្ត។
ការសិក្សាមួយកាលពីខែមិថុនាឆ្នាំមុនបានរកឃើញថា ការសិក្សាមុខវិជ្ជាគណិតវិទ្យាតាមវិធីសាស្ត្រដូចគ្នានេះនៅប្រទេសសិង្ហបុរី កូនសិស្សនៅអង់គ្លេស ទួលបានលទ្ធផលកាន់តែល្អប្រសើរនៅក្នុងមុខវិជ្ជានេះ៕