ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា ថាឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋហ្វាំងឡង់បារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាដែលថាអាចប៉ះពាល់ដល់សិទ្ធិសេរីភាព សុវត្ថិភាពមេបក្សប្រឆាំង និងក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន។
លោក កឹម សុខា សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថានៅព្រឹកថ្ងៃសុក្រនេះ លោកបានជួបពិភាក្សាជាមួយលោកស្រី ឃើសស្ទី វេសផល្លែន (Kirsti Westphalen) ឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់នៅស្នាក់ការកណ្តាលគណបក្ស។
លោកសរសេរទៀតថា៖ “លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងការព្រួយបារម្ភអំពី ស្ថានភាពនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងសុវត្ថិភាពខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនដែរ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានប្រាប់ខ្ញុំថា រដ្ឋាភិបាលហ្វាំងឡង់ និងសហភាពអឺរ៉ុប នៅតែខិតខំប្រឹងប្រែងតាមដានសភាពការណ៍នេះយ៉ាងយកចិត្តទុកដាក់”។
ក្នុងជំនួបនេះដែរ លោក កឹម សុខា បានស្នើសហភាពអឺរ៉ុប បន្តជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ដោយថាដើម្បីឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលអាចទទួលយកបានគ្រប់ភាគី។
គួរបញ្ជាក់ថាអន្តរជាតិ អង្គការជាតិភាគច្រើន និងគណបក្សប្រឆាំងយល់ថាស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នកំពុងឡើងកំដៅនិងមានវិបត្តិ ខណៈមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំងមួយចំនួនកំពុងជាប់ឃុំនិងមួយចំនួនទៀតកំពុងជាប់បណ្តឹងនៅតុលាការ។ ទោះយ៉ាងណាគណបក្សកាន់អំណាចមិនបានមើលឃើញដូច្នេះនោះទេ ដោយថាស្ថានការណ៍នយោបាយកម្ពុជានៅធម្មតានិងថាអ្នកដែលជាប់ឃុំឬជាប់បណ្តឹងនៅតុលាការគឺមានតែអ្នកមានទោសប៉ុណ្ណោះ៕